ព័ត៌មានជាតិ

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ ចាក់វ៉ាក់សាំងឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ឈរលើគោលការណ៍ស្ម័គ្រចិត្ត

ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះក្រសួងនៅមន្ទីរពេទ្យ១៦ ឧសភា ចាប់ពីថ្ងៃទី៤ មីនា រហូតដល់ថ្ងៃទី១១ មេសា ខាងមុខនេះ គឺជាការស្ម័គ្រចិត្ត ព្រោះចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។

ក្នុងឱកាសចុះត្រូតពិនិត្យការងាររៀបចំ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ១៦ ឧសភា លោក សក់ សេដ្ឋា បានលើកឡើងថា ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ដ្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល មិនមានលក្ខខណ្ឌ តម្រូវឲ្យចាក់ទាំងអស់ឡើយ គឺធ្វើឡើងឈរលើគោលការណ៍ស្ម័គ្រចិត្ត។

លោកបន្ដថា រាជរដ្ឋាភិបាលអនុញ្ញាតឲ្យមន្ទីរពេទ្យ ១៦ ឧសភា របស់ក្រសួងមហាផ្ទៃ រៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ដ្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិ ដោយប្រតិបត្តិការចាក់ចាប់ពីថ្ងៃទី៤ មីនា រហូត ដល់ ១១ មេសា ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ការវ៉ាក់សាំងកូវីដ-១៩នេះ ដោយគោលការណ៍ស្ម័គ្រចិត្ត ដោយមានមន្ដ្រីពេទ្យធ្វើការ សម្ភាសន៍ ហើយសាមីខ្លួនត្រូវបំពេញបែបបទឲ្យបានត្រឹមត្រូវ។ ការចាក់វ៉ាក់សាំងនេះ មាន២ករណី ដូចជា ទី១-គាត់ គ្រប់លក្ខណៈសម្បត្តិ មានបញ្ហាសុខភាពរឹងមាំ គាត់មិនស្ម័គ្រចិត្តក៏មិនចាក់ជូនគាត់ដែរ ទី២-ដោយអ្នកខ្លះមានបញ្ហាសុខភាព ក៏មិនចាក់ជូនគាត់ដែរ គឺចាក់ដោយគោលការណ៍ស្ម័គ្រតែប៉ុណ្ណោះ»។

លោកក៏បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជា ព្រឹត្តិការណ៍សហគ មន៍ ២០ កុម្ភៈ ដូច្នេះកម្លាំងនគរបាល បានខិតខំធ្វើការងារ ទាំងយ៉ាងសកម្ម ក្នុងការងារនេះផងដែរ ។ លោក ក៏បានផ្ដាំ ផ្ញើទៅដល់កម្លាំង នគរបាលទាំងអស់ក្រោម ចំណុះក្រសួងមហាផ្ទៃ ទោះបីចាក់វ៉ាក់សាំងរួចក៏ដោយ ប៉ុន្ដែត្រូវការពារខ្លួនជារៀងរហូត ដោយធ្វើតាមការណែនាំក្រសួងសុខាភិបាល។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨៧៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៨២នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន៣៩៦នាក់៕

To Top