Covid-19

រកឃើញជនជាតិវៀតណាម ២នាក់ ស្នាក់នៅសណ្ឋាគារហេងហេង សិរីរ័ត្ន នៅបាវិតឆ្លងជំងឺកូវីដ

ភ្នំពេញ ៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសថា មានស្រ្តីជនជាតិវៀតណាម ២នាក់ បានឆ្លងជំងឺកូវីដ១៩ ក្រោយបានមកស្នាក់នៅ សណ្ឋាគារហេងហេង សិរីរ័ត្ន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ។

កាលពី២៧កុម្ភៈ ពួកគេទាំង២នាក់ បានស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានធ្វើដំណើរ ក្នុងគោលបំណងទៅប្រទេសខ្លួនវិញ ប៉ុន្តែដោយសារពុំមានឯកសារគ្រប់គ្រាន់ មន្រ្តីព្រំដែនមិនអនុញ្ញាតឲ្យឆ្លង ក៏ទៅស្នាក់នៅសណ្ឋាគារហេងហេង សិរីរ័ត្ន ។ នេះបើតាមលិខិតបញ្ជាក់ រដ្ឋបាលខេត្តស្វាយរៀង ផ្សាយនាថ្ងៃ ៣ មីនា។

លិខិតបន្តថា ប៉ុន្តែដោយទទួលបានព័ត៌មាន ពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងមានការសង្ស័យ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានចុះណែនាំឲ្យពួកគាត់ អនុវត្តឲ្យបានខ្ជាប់ខ្លួន ស្របតាមវិធានការសុខាភិបាល ព្រមទាំងបានយកសំណាកទៅធ្វើតេស្ត លើកទី១ នៅព្រឹកថ្ងៃ២៨ កុម្ភៈ និងលទ្ធផលតេស្ត ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃ៣ មីនានេះ បង្ហាញថា ស្ត្រីទាំងពីរនាក់នេះ មានវិជ្ជមានជំងឺកូវីដ១៩ ។

បច្ចុប្បន្ន រដ្ឋបាលខេត្តបានចាត់ចែងបញ្ជូនអ្នកជំងឺទាំង២ ទៅសម្រាកព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រុំ ។ ចំពោះទីតាំងសណ្ឋាគារ ហេង ហេង សិរីរ័ត្ន សម្រេចផ្អាកអាជីវកម្ម ជាបណ្តោះអាសន្ន រីឯម្ចាស់សណ្ឋាគារ បុគ្គលិក និងភ្ញៀវត្រូវធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ៕

To Top