នយោបាយ

ទូតអូស្ដ្រាលី ស្នើរាជរដ្ឋាភិបាលកម្ពុជា កសាងទំនាក់ទំនងឡើងវិញ ជាមួយអតីតសមាជិក បក្សប្រឆាំង និងសង្គមស៊ីវិល

ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា អនុវត្តតម្លាភាព និងនីតិវិធីត្រឹមត្រូវ លើដំណើរការកាត់ក្តីទាំងអស់ និងមានវិធានការ កសាងទំនាក់ទំនងឡើងវិញ ជាមួយអតីតសមាជិក គណបក្សប្រឆាំង និងសង្គមស៊ីវិល ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ លោក Pablo Kang បានលើកឡើងអំពីកង្វល់ របស់រដ្ឋាភិបាលអូស្ត្រាលី អំពីការកាត់ទោសសកម្មជន គណបក្សប្រឆាំង នាពេលថ្មីៗនេះ ដែលរួមមានជនជាតិ អូស្ត្រាលី ព្រមទាំង ការកាត់ទោស ឲ្យជាប់ពន្ធនាគារយូរឆ្នាំ របស់អតីតមន្រ្តី នៃអតីតគណបក្សប្រឆាំងសង្រ្គោះជាតិ។

លោកបញ្ជាក់ថា «យើងទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តតម្លាភាព និងនីតិវិធីត្រឹមត្រូវ លើដំណើរការកាត់ក្តីទាំងអស់ និងមានវិធានការកសាង ទំនាក់ទំនងឡើងវិញជាមួយ សមាជិកគណបក្សប្រឆាំង និងសង្គមស៊ីវិល»

ឆ្លៀតឱកាសនោះ ទូតអូស្រ្តាលី ក៏បានថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា ដែលបានផ្តល់ការស្វាគមន៍ដល់ លោក Bernard York ដែលជាសេនានុព័ន្ធអូស្ត្រាលីថ្មី របស់ស្ថានទូត និងចំពោះទស្សនកិច្ច ទៅកាន់មូលដ្ឋាន កងទ័ពជើងទឹករាម នាពេលកន្លងទៅថ្មីៗនេះ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី ត្រូវបានតុលាការប្រកាសសាលក្រម ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោត ។ ព្រះរាជអាជ្ញាបានចោទប្រកាន់លើ អតីតមេបក្សប្រឆាំងនេះ ពីបទឧបឃាត តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេស នៃការវិលត្រឡប់ចូលស្រុកវិញ ក្នុងព្រឹត្តិការណ៍ថ្ងៃទី៩ ខែវិច្ឆិកា ២០១៩ ។ ក្នុងនោះ កូនចៅជំនិត របស់លោក សម រង្ស៊ី ប្រមាណជាជិត ១០នាក់ទៀត ក៏ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារពី ២០ទៅ២២ឆ្នាំដែរ ៕

To Top