ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ បាននិងកំពុងអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងបន្ថែមថាបន្ទាប់ពីចាក់វ៉ាក់សាំងហើយសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះហើយទើប សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ៕