ព័ត៌មានជាតិ

ទូតចិន អបអរសាទរ យ៉ាងកក់ក្តៅ ចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលទទួលបាន វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានចេញសារអបអរសាទរ យ៉ាងកក់ក្តៅ ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី៤ មីនានេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ រួចរាល់ហើយ ។

យោងតាមហ្វេសប៊ុក ស្ថានទូតចិន បានឲ្យដឹងថា «សូមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបានអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩! ការឆ្លងនៃជំងឺវីរុសគ្មានព្រំដែនទេ ការរីករាលដាលនៃជំងឺវីរុស ក៏មិនប្រកាន់ពូជសាសន៍ឡើយ ហើយការចាក់វ៉ាក់សាំង ក៏មិនបែងចែក ជាប្រទេសណាដែរ» ។

ទូតចិនសង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំង ដែលជាជំនួយរបស់ចិននិង COVAX នឹងអាចជួយដល់ប្រជាជនកម្ពុជា រួចផុតពីផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ និងរួមចំណែកយ៉ាងសកម្ម ក្នុងការទប់ស្កាត់នឹងជំងឺមួយនេះ។

ជាមួយគ្នានោះទូតចិន ក៏បានជូនពរប្រជាជនកម្ពុជា មានសុខភាពល្អមាំមួន និងមានជីវភាពរស់នៅកាន់តែល្អប្រសើរ ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៤ មីនានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៩០៩នាក់ អ្នកជាសះស្បើយចំនួន ៤៨៤នាក់ និង៤២៥នាក់ កំពុងសម្រាកព្យាបាល ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top