ព័ត៌មានជាតិ

មជ្ឈមណ្ឌល ភ័ស្តុភារកម្មភ្នំពេញ នឹងលើកស្ទួយ ការដឹកជញ្ជូនកាន់ តែមានប្រសិទ្ធភាព និងប្រកួតប្រជែង ក្នុងសកលលោក

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ(PPLC) នឹងជួយលើកស្ទួយវិស័យ ដឹកជញ្ជូនកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែង ជាមួយនឹងប្រទេស ក្នុងតំបន់អាស៊ាន និងសកលលោកទាំងតម្លៃ និងសេវាកម្ម ។

ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ក្របខណ្ឌលើគម្រោង អភិវឌ្ឍន៍មជ្ឈមណ្ឌល ភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់សិង្ហបុរី នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ តាមរយៈអនឡាញ លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា «មជ្ឈមណ្ឌល ភ័ស្តុភារកម្មភ្នំពេញ (PPLC) នេះនឹងជួយលើកស្ទួយវិស័យ ដឹកជញ្ជូនកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព មានលក្ខណៈប្រកួតប្រជែង ជាមួយនឹងប្រទេស ក្នុងតំបន់អាស៊ាន និងសកលលោក ទាំង តម្លៃ និងសេវាកម្ម ជាពិសេសវា នឹងក្លាយជាកម្លាំង ចលករប្រកប ដោយសក្កានុពល ក្នុងការចូលរួមចំណែ កដល់ការជំរុញ កំណើនសេដ្ឋកិច្ចជាតិ ឲ្យងើបស្ទុះឡើង សំដៅសម្រេច បាននូវចក្ខុវិស័យ លើការអភិវឌ្ឍកម្ពុជា ឲ្យទៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០» ។

លោកបានលើកឡើង ពីអត្ថប្រយោជន៍ នៃគម្រោងមជ្ឈមណ្ឌល ភ័ស្តុភារកម្មភ្នំពេញនេះថា ជាគម្រោងយុទ្ធសាស្រ្តមួយ មានទីតាំងស្ថិត នៅចំកណ្តាលប្រទេស ជាមួយនឹងការគាំទ្រ ពីបណ្តាញផ្លូវជុំវិញទីក្រុងភ្នំពេញ ដើរតួនាទីជាចំណុចកណ្តាល សម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស និងជា ចំណុចតភ្ជាប់នៃការដឹកជញ្ជូនឆ្លងកាត់ដែលរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ស្ថិតក្នុង ចម្ងាយ១០គីឡូម៉ែត្រពីទីក្រុង និងអាចបម្រើជា មណ្ឌលដឹកជញ្ជូន និងភ័ស្តុភារកម្មក្នុងតំបន់ផងដែរ ដោយហេតុថាកម្ពុជា មានទីតាំងភូមិសាស្ត្រឋិតនៅចំកណ្តាលប្រទេស មហាអនុតំបន់ទន្លេមេគង្គ។

លើសពីនេះទៀត មជ្ឈមណ្ឌល ភ័ស្តុភារកម្មភ្នំពេញ នឹងជួយកម្ពុជាកាត់បន្ថយថ្លៃដើមដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាព ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងការធ្វើសមាហរណកម្មទៅក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា លើឆាកអន្តរជាតិផងដែរ៕

To Top