នយោបាយ

លោក អ៊ូ ច័ន្ទរ័ត្ន ៖ បក្សលោកបង្កើតឡើង ដើម្បីប្រកួតប្រជែង ជាមួយបក្សកាន់អំណាច

ភ្នំពេញ ៖ ក្រោយពីអ្នកវិភាគ នយោបាយចាស់វស្សា ឡៅ ម៉ុងហៃ ដៀមដាមឲ្យខ្លួនថា បើបង្កើតគណបក្ស សម្រាប់តែធ្វើបក្សប្រឆាំង គឺមិនអាចដឹកនាំប្រទេសនោះ លោក អ៊ូ ច័ន្ទរ័ត្ន ដែលប្រភពចេញមក ពីអតីតគណបក្សសង្រ្គោះជាតិ តបទៅវិញថា បក្សថ្មីដែលបង្កើត ដោយរូបលោកផ្ទាល់ ដើម្បីប្រកួតប្រជែង ជាមួយបក្សកាន់អំណាច ។

លោក ឡៅ ម៉ុងហៃ បានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា មិនឆ្លាតនិង​មិនអាចទៅដឹកនាំប្រទេសបានទេ បើគ្រាន់តែបង្កើតគណបក្ស នយោបាយមួយ គ្រាន់តែសម្រាប់ធ្វើជាគណបក្សប្រឆាំង ។

លោកថា មនុស្សឆ្លាត ហើយអាចទៅជាអ្នកនាំប្រទេសបាន គឺបង្កើតគណបក្សដើម្បីទៅប្រកួតប្រជែងយកអំណាចពីប្រជាពលរដ្ឋសម្រាប់យកទៅគ្រប់គ្រងដឹកនាំប្រទេស។

លោក អ៊ូ ច័ន្ទរ័ត្នបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៤ មីនា ថា “សម្រាប់គណបក្សថ្មី ដែលយើងកំពុងបង្កើតនេះ គឺគណបក្សកែទម្រង់កម្ពុជា មិនដូច្នោះទេ យើងប្រកួតប្រជែង ជាមួយគណបក្សកាន់អំណាច” ។

សំឡេង លោកអ៊ូ ច័ន្ទរត្ន័

ប៉ុន្តែទោះបីជាយ៉ាងណា ក៏លោកយល់ស្រប ចំពោះការលើកឡើង របស់លោក ឡៅ ម៉ុងហៃ (មិនឆ្លាតនិង មិនអាចដឹកនាំប្រទេសបាន បើបង្កើតបក្សសម្រាប់ធ្វើជាបក្សប្រឆាំង) ។

លោកថា ការលើកឡើងរបស់លោក ឡៅ ម៉ុងហៃ បែបនេះដោយសារអ្នកវិភាគនេះ មើលឃើញជាទូទៅថា ការបង្កើតបក្សថ្មីៗ ជាច្រើនកន្លងមក ដើម្បីជ្រកក្រោមស្លាកគណបក្សកាន់ អំណាចយកតំណែងតួនាទី ដោយមិនគិតពីការប្រកួតប្រជែង យកអំណាចដឹកនាំរដ្ឋ ។

លោក អ៊ូ ច័ន្ទរ័ត្ន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំចុះបញ្ជីគណបក្សកែទម្រង់កម្ពុជាជាផ្លូវការ ។

សូមបញ្ជាក់ថា ជារឿយៗ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ប្រកាសស្វាគមន៍ចំពោះការបង្កើតគណបក្សថ្មី ពីសំណាកអតីតមន្រ្តីបក្សប្រឆាំង ដើម្បីមកប្រកួតប្រជែង លើផ្លូវនយោបាយ តាមបែបលទ្ធិប្រជាធិបតេយ្យ ។

សម្តេចតេជោ នៅព្រឹកថ្ងៃទី៤ មីនានេះដែរ ក៏បានប្រកាសថា ការបោះឆ្នោតឃុំ-សង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕

To Top