ភ្នំពេញ៖ នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី មានមីកញ្ចប់ចំនួន ៥០០កេស ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋ ដែលត្រូវការជំនួយ ជាចំណែក ក្នុងការសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងជម្រុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះ លោក កើត ឆែ តាងនាម ឯកឧត្តម អភិបាលនៃគណ:អភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់រដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម មេបញ្ជាការ និង លោកស្រី ដែលតែងយកចិត្តទុកដាក់ ក្នុងការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ហើយបានបង្ហាញពីការគិតគូ ក្នុងការបង្ការការពារ សុខុមាលភាព និងសុខសុវត្ថិភាព ប្រជាជាតិខ្មែរជារួម ៕



