ភ្នំពេញ ៖ កងកម្លាំងសមត្ថកិច្ចចម្រុះ នៃខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានសហការជាមួយ នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ស្រាវជ្រាវចាប់ជនសង្ស័យ ដែលបានរំលោភរួចសម្លាប់ នារីបម្រើការងារ នៅកាស៊ីណូម្នាក់ នៅប៉ោយប៉ែត បានហើយ ។ នេះបើយោងតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង២០៖៣៥នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ កម្លាំងក្រុម១ នៃការិយាល័លព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ក្នុងនោះក៏មានការចូលរួមពីកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម ចុះធ្វើស្រាវជ្រាវរកជនដៃ ដល់ឈ្មោះ រឿន ធារិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីឃាតកម្មគិតទុក (រំលោភសម្លាប់) លើជនរងគ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ។
ហេតុកាករណ៍នេះ រំលោភសម្លាប់នេះបានកើតឡើង កាលពីវេលាម៉ោង២០នាទី ថ្ងៃ២ មីនា នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លុះដល់វេម៉ោង២១នឹង៤០នាទី ថ្ងៃ៤ មីនា កម្លាំងចាប់ខ្លួនជនសង្ស័យ បាននៅចំណុចបន្ទប់ផ្ទះសំណាក់ យីហោប៊ុនថាIII ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។
លោកបន្តថា តាមការស្តាប់ចម្លើយរបស់ឈ្មោះរឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ខាងលើនេះពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួន ។ នៅវេលាម៉ោង៨ព្រឹកថ្ងៃ២ មីនា ខ្លួនបានទៅគោះទ្វារបន្ទប់ ជនរងគ្រោះពេលនាងបើទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជងទៅជនរងគ្រោះ។
បន្ទាប់មកក៏វាយ ចំពោះនាងបណ្តាលឲ្យចុកឆ្អល់ គ្មានកម្លាំងរើបំរាស់ ហើយបានធ្វើសមក្មភាព រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ បានសម្រេចមួយលើក ។ ដោយបារម្ភខ្លាចជនរងគ្រោះប្តឹង គេក៏បានយកកូនកំបិតចាក់ច្រត់ ទៅលើបំពង់ក ជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនិងកន្លែង។ បន្ទាប់មករូបគេក៏បានប្រមូលយកសម្ភារ របស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ជិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើង ជិះរថយន្តឈ្មួលគេចខ្លួន មកខេត្តសៀមរាប ។
លោកបន្តថា វត្ថុតាងដែលពិនិត្យឃើញជារួម ក្នុងពេលប្រតិបត្តការមាន ៖ កាបូបស្ទាយពណ៌ខ្មៅ១ផ្ទុកនូវ ទូរស័ព្ទម៉ាក Oppo១គ្រឿង (ជារបស់ជនរងគ្រោះ), ខ្សែរកលោហធាតុពណ៌ទង់ដែង ១ខ្សែ (ជារបស់ជនរងគ្រោះ), ជិញ្ជៀនលោហធាតុពណ៌ទង់ដែង ២វង់ (ជារបស់ជនរងគ្រោះ) កូនកាំបិតបត់ដងលឿង១ (ដែលគេយកទៅចាក់សម្លាប់ជនរងគ្រោះពេលធ្វើសកម្មភាពខាងលើ) និងខោអាវចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ត្រូវកម្លាំងសមត្ថកិច្ច ខេត្តសៀមរាប ប្រគល់ឲ្យកំលាំងកម្លាំង ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តបន្ទាយមានជ័យ បន្តនីតិវិធី ៕