ព័ត៌មានជាតិ

បុរសម្នាក់ ធ្វើចត្តាឡីស័ក នៅផ្ទះស្រាប់តែលួច ចេញធ្វើដំណើរ ជាច្រើនកន្លែង ក្នុងក្រុងព្រះសីហនុ ត្រូវអាជ្ញាធរ ផាកពិន័យ ២លានរៀល

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យ បុរសម្នាក់ មានមុខរបរជាបុគ្គលិក ធ្វើការនៅសណ្ឋាគារ ឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធ ដោយប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារ ឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័ក នៅផ្ទះដើម្បីធ្វើការ តាមដាន សុខភាព តែរូបគាត់មិនបានអនុវត្តន៍ តាមការណែនាំ ដោយបានចេញធ្វើដំណើរ ជាច្រើនកន្លែង ក្នុងក្រុងព្រះសីហនុ។

យោងតាមរដ្ឋបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាល ខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យ លើបុរសរូបនេះ ជាប្រាក់ចំនួន ២លានរៀល យោងតាមអនុក្រឹត្យ លេខ២៧អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ម្យ៉ាងទៀត ជាការព្រមាន ដល់អ្នកដែលកំពុង ធ្វើចត្តាឡីស័កផ្សេងទៀត កុំឱ្យយកគំរូតាម និងត្រូវគោរព ឱ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ពិសេស (៣.កុំ និង៣.ការពារ) របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕

To Top