ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ជំរុញគណៈកម្មការអន្តរក្រសួង ត្រូវផ្សព្វផ្សាយ អំពីការលក់លេខពិសេសផ្ទាល់ខ្លួន ទៅកាន់បណ្ដាក្រុមហ៊ុនឯកជនធំៗ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យគណៈកម្មការអន្តរក្រសួង ត្រូវខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយ អំពីការលក់លេខពិសេសផ្ទាល់ខ្លួន ទៅកាន់បណ្ដាក្រុមហ៊ុនឯកជនធំៗ ដើម្បីកៀរគរចំណូលថវិកាជាតិ បានច្រើនថែមទៀត។

សូមរំលឹកថាកាលពីឆ្នាំ២០២០ ចំណូលពីការលក់លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស ឬលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) ទទួល បានចំនួន ៦៦.៤២៧,៧លានរៀល ស្មើនឹង១០៦,០% ធៀបនឹងចំណូលឆ្នាំ២០១៩ មានការកើនឡើង៦,០%។

ក្នុងប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងពិភាក្សាលើតម្លៃលេខ ចុះបញ្ជីពិសេសផ្ទាល់ខ្លួន នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅទីស្ដីក្រសួង លោក ស៊ុន ចាន់ថុល បានថ្លែងថា «សូមជំរុញ លើកទឹកចិត្តឲ្យ សមាជិក-សមាជិកា គណៈកម្មការអន្តរក្រសួង ខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយ អំពីការលក់លេខពិសេសផ្ទាល់ខ្លួន ទៅកាន់ បណ្ដាក្រុមហ៊ុនឯកជនធំៗនានា ដែលមានបំណង ចង់ប្រើប្រាស់លេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀងគរចំណូលថវិកាជាតិ ឲ្យបានច្រើនថែមទៀត»។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរ អំពីគម្រោងអភិវឌ្ឍកម្មវិធី (App) កាត់ពិន្ទុបណ្ណបើកបររបស់អ្នកបើកបរ ដែលល្មើសច្បាប់ចរាចរណ៍ ដូចជា បើកបរអត់ពាក់ខ្សែក្រវ៉ាត់ បើកបរហួសល្បឿនកំណត់ និងបើក បររំលោភភ្លើងសញ្ញាចរាចរណ៍ ជាដើម ដោយក្នុងកម្មវិធីនោះ ប៉ូលិសអាចធ្វើការកាត់ពិន្ទុលើបណ្ណបើកបររបស់អ្នក បើកបរដែលល្មើសនោះបានភ្លាមៗតែម្តង។

លោកបានសម្តែង នូវមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជា ពិសេស ក្រសួងសាធារណ ការ និងដឹកជញ្ជូន មានសមត្ថភាព អាចប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីសម្រួលដល់ការ ផ្ដល់សេវាសាធារណៈ ស្របតាមការរីកចម្រើន ខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាសកល និងបដិវត្តឧស្សាហកម្ម៤.០ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលជូនរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។

គួររំលឹកផងដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានដាក់ឲ្យ ដំណើរជាផ្លូវការ កាលពីឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានគោលដៅជាចម្បងក្នុងការកាត់ បន្ថយនូវនីតិវិធីស្មុគស្មាញ ក្នុងការបំពេញឯកសារ ក៏ដូចជាបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពឆាប់រហ័ស និងជៀសវាងបាន នូវការចំណាយក្រៅផ្លូវការ៕

To Top