ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិ តារាសាគរកោះកុង ចំណាយជាង ២០០លានដុល្លារ គ្រោងបើកដំណើរការ ចុងឆ្នាំ២០២១

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងបើកប្រតិបត្តិការហោះហើរជាលើកដំបូង នៅចុងឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីបញ្ចប់ការសាងសង់ចុងឆ្នាំ២០២០ ដោយវិនិយោគជាង ២០០លានដុល្លារ ក្នុងដំណាក់កាលទី១ ។ នេះយោងតាមការចេញ ផ្សាយក្រសួងព័ត៌មាន។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋាន អន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍ ន៍ដោយក្រុមហ៊ុនចិនChinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទាន សេដ្ឋកិច្ចពីរាជរដ្ឋាភិបាល សម្រាប់សាងសង់ព្រលានយន្តហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «អាកាសយានដ្ឋានតារា សាគរ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១នេះ ពាក្យបញ្ចប់បានន័យថា នៅការធ្វើតេស្តការសាកល្បងការកែតម្រូវ គឺដើម្បីទទួលបាននូវវិញ្ញាបនបត្រប្រតិបត្តិការ ក៏ត្រូវប្រើរយៈពេល ៦ខែទៀត គឺពីខែ១ ដល់ខែ៧នេះ យើងសង្ឃឹមថា នៅខែ៧នេះ នឹងអាចដាក់ដំណើរការ បានជាផ្លូវការ ប៉ុន្តែក្នុងនោះ ក៏មានលទ្ធភាពអាចមានការយឺតយ៉ាវបន្តិចបន្តួច ដោយសារការរៀបចំ បំពេញបែបបទឯកសារ និងការធ្វើតេស្តសាកល្បង អាចមានការពន្យារពេលបន្តិចបន្តួច ។ ទី២ អាកាស យានដ្ឋាននេះ គឺប្រភេទ4e ដែលអាចធ្វើការចុះចតប្រភេទយន្តហោះធុនកណ្ដាល ដែលហោះហើររយៈចម្ងាយឆ្ងាយបាន»។

សូមរំលឹកថា សម្រាប់ការសាងសង់ ព្រលានយន្ដហោះតារាសាគរ នៅដំណាក់កាលទី១ ចំណាយថវិកា ជាង២០០លានដុល្លារនោះ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា មានសមត្ថភាពអាចទទួល ការចុះចតយន្តហោះធុន Boeing777 និង Airbus340 ដែលជាប្រភេទយន្ដហោះខ្នាតធំ។

ជាងនេះទៀត ក្រៅពីព្រលានយន្ដហោះតារាសាគរ ខេត្តកោះកុង រាជរដ្ឋាភិបាល ក៏កំពុងសាងសង់បន្ថែមនូវព្រលាន យន្ដហោះ នៅក្នុងខេត្តកោះកុង មួយទៀត ក្បែរទីរួមខេត្ត ខណៈ ព្រលានយន្ដហោះភ្នំពេញថ្មី និងអាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប កំពុងសម្រុកការសាងសង់ ហើយព្រលានយន្ត ហោះមួយទៀត ក្នុងខេត្តមណ្ឌលគិរីកំពុងសិក្សា ត្រៀមសាងសង់ នៅចុងឆ្នាំ២០២១នេះផងដែរ ៕

To Top