ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់សណ្ឋាគារ THE GREAT DUKE ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩


ភ្នំពេញ៖ ក្រសួងសុខាភិបាលនឹងចាប់ផ្តើមដំណើរការ ប្រើប្រាស់អគារនៃសណ្ឋាគារ THE GREAT DUKE អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។

សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលបានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីយប់ថ្ងៃទី៦ មីនា ឲ្យយកអ្នកកេីតជំងកូវីដ-១៩ ពីមណ្ឌលព្យាបាលជំងឺកូវីដ ព្រែកព្នៅ មកព្យាបាលក្នុងសណ្ឋាគារ Great duke (អតីតសណ្ឋាគារអាំងត័រកង់ទីណង់តាល់ ) វិញ ក្រោយពីអ្នកជំងឺកូវីដម្នាក់ ស្លាប់ដោយសារ រេីមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូង។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧មីនាំបានឲ្យដឹងថា
«ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះ ជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់ លទ្ធភាពដល់ក្រសួងសុខាភិបាល ក្នុងការប្រមូលផ្តុំធនធានមនុស្ស សម្ភារបរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន ជួយ សង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាល កាន់តែធ្ងន់ធ្ងរនៃជំងឺនេះ នៅ ក្នុងសហគមន៍»។

ក្រសួងសុខាភិបាលបន្តថា ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របទៅតាមស្ថានភាពចាំបាច់ រាជរដ្ឋាភិបាលក៏ដូចជាគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) បាននិងកំពុងចាត់វិធាន ការឆ្លើយតបចាំបាច់នានា រួមទាំងការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក។

ចំពោះអគារ និងបរិវេណនៃសណ្ឋាគារខាងលើ ក៏នឹងត្រូវរៀបចំឱ្យអនុវត្តនូវវិធានការគ្រប់គ្រងយ៉ាងហ្មត់ចត់ ទាំងផ្នែក សុខាភិបាល និងសន្តិសុខសណ្ដាប់ធ្នាប់យ៉ាងតឹងរឹងបំផុត សំដៅធានាទប់ស្កាត់នូវការឆ្លង និងហានិភ័យចម្លងនៃជំង នេះមកខាងក្រៅបរិវេណអគារនៃសណ្ឋាគារ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏ជម្រាបជូនដល់សាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋ និង បងប្អូនពាណិជ្ជករ អាជីវករទាំងអស់ ដែលរស់នៅ និងកំពុងប្រកបរបរផ្សេងៗនៅជាប់ និងក្បែរទីតាំងសណ្ឋាគារនេះថា វីរុសកុំវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមដំណក់ទឹកតូចៗ ដែលចេញពីផ្លូវដង្ហើមរបស់អ្នកផ្ទុកវីរុស ហើយរហូត មកដល់ពេលបច្ចុប្បន្ន មិនមានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ថា វីរុសនេះឆ្លងតាមខ្យល់អាកាសនៅក្នុងទីលំហឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាច និងសូមបន្តរក្សាភាពនឹងនរក្នុងចិត្ត និងជឿទុកចិត្តលើវិធានការ ឆ្លើយតបរបស់រាជរដ្ឋាភិបាល៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top