Covid-19

ក្រសួងសុខាភិបាល ក្រើនរំលឹកជាថ្មីពីការបន្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់មនុស្សអាយុ១៨ ទៅ ៥៩ឆ្នាំ ចាប់ពីថ្ងៃទី៨ មីនា

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកសារជាថ្មី អំពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តសម្រាប់ក្រុមអាយុ១៨ ទៅ ៥៩ឆ្នាំ ចាប់ពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។

តាមសេចក្ដីក្រើនរំលឹករបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសុខាភិបាល ដែល ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖

ទី១-ក្រសួងសូមជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យមានវិសាលភាពកាន់តែទូលំទូលាយ នៅទីតាំងចាក់វ៉ាក់សាំង ដែលមានការផ្សាយជូន ចាប់តាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ជាបន្តបន្ទាប់រួចមក ត្រូវបន្តការងារចាក់វ៉ាក់សាំងជូនប្រជាជន តាមក្រុមមនុស្សដែលមានចែងនៅក្នុង ការផ្សព្វផ្សាយដោយក្រសួងសុខាភិបាល ជាហូរហែររួចហើយ នៅរៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្លូវការ) ចាប់ពី ម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង១៧៖០០នាទីល្ងាច (ដោយសម្រាកពិសាអាហារថ្ងៃត្រង់ពីម៉ោង១២៖០០នាទី ដល់ម៉ោង១៤៖០០នាទី)។

ទី២-សូមក្រើនរំលឹកជូន សាធារណជនទាំងអស់ អំពីចន្លោះពេលដែលត្រូវ ទទួលការចាក់វ៉ាក់សាំង លើកទី២ មានដូចខាងក្រោម៖ វ៉ាក់សាំង Sinopharm ត្រូវចាក់លើកទី២ រយៈពេលពី ១៤ថ្ងៃ ដល់ ២៨ ថ្ងៃ ក្រោយថ្ងៃចាក់លើកទី១។ វ៉ាក់សាំង COVISHIELDTM (ទទួលបានអជ្ញាបណ្ណផលិតនៅប្រទេសឥណ្ឌាពី AstraZeneca) ដែលចាក់ជូនក្រុមមនុស្សអាយុ ចាប់ពី ៦០ឆ្នាំឡើង ត្រូវចាក់លើកទី២ រយៈពេលពី ៤ សប្តាហ៍ ដល់ ៨ សប្តាហ៍ ក្រោយថ្ងៃចាក់លើកទី១។ ត្រូវចងចាំថា ការចាក់លើកទី១ នៅទីតាំងណា សូមអញ្ជើញទៅចាក់លើកទី២ នៅទីកន្លែងដដែលជាចាំបាច់ ដោយមិនត្រូវទៅចាក់ កន្លែងណាផ្សេងនោះឡើយ។ ក្រសួងក៏សូមធ្វើការក្រើនរំលឹកដល់អ្នក ដែលបានចាក់វ៉ាក់សាំងលើកទី១ (ដូសទី១) រួចហើយ សូមអញ្ជើញ មកទទួលការចាក់វ៉ាក់សាំងដដែលនេះជាលើកទី២ (ដូសទី២) ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើនេះ កុំបីអាក់ខានឡើយ។

ទី៣-ចំពោះប្រជាជនដែលបានទទួលដូសទី១ នៅមន្ទីរពេទ្យថ្នាក់ជាតិរាជធានីភ្នំពេញ ហើយបច្ចុប្បន្នកំពុងជាប់នៅក្នុងខេត្តព្រះសីហនុ ដែល មិនអនុញ្ញាតឲ្យធ្វើដំណើរចេញចូលនៅទីនោះបាន អាចទៅទទួលវ៉ាក់សាំង លើកទី២ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយបុគ្គល ដែលចាំបាច់ត្រូវចាក់លើកទី២នោះ ត្រូវផ្តល់ព័ត៌មាន ៣ថ្ងៃ មុនថ្ងៃចាក់ ជូនក្រុមចាក់វ៉ាក់សាំងនៅខេត្តព្រះសីហនុ ដែលនឹងត្រូវស្នើសុំ ព្រម ទាំងបញ្ជូនព័ត៌មានអ្នកដែលត្រូវចាក់លើកទីពីរ (មិនត្រូវតាមទីកន្លែងដែលបានចាក់លើកទី១) នោះ ទៅក្រុមបច្ចេកទេសព័ត៌មានវិទ្យានៅ ក្រសួងសុខាភិបាល (IT Team at MoH) ដើម្បីសម្របសម្រួលក្នុងការ បញ្ចូលទិន្នន័យជូនពួកគាត់បានត្រឹមត្រូវ។

ទី៤-សូមបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុមអាទិភាពផ្សេងៗទៀត ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ មេត្តាអធ្យាស្រ័យ ប្រសិនបើមិនទាន់ដល់ វេនរបស់ខ្លួនទេនោះ សូមមេត្តាកុំអញ្ជើញមកកាន់កន្លែងចាក់ ដែលនាំឱ្យមានការកកកុញច្រើននៅក្នុងមន្ទីរពេទ្យ ដែលជាហានិភ័យនៃការ ចម្លងវីរុសកូវីដ-១៩ ដោយសូមមេត្តារង់ចាំបន្តិចសិន ព្រោះវ៉ាក់សាំងមានកំណត់ចំនួននៅពេលនេះ។

និងទី៥-ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន ក្នុងក្រុមអាយុពី ១៨ ដល់ ៥៩ ឆ្នាំ ផ្សេងៗទៀត នឹងអញ្ជើញមកទទួលវ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនាពេលក្រោយៗទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×