Covid-19

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រើពេលត្រឹមតែ ៣៣ម៉ោងប៉ុណ្ណោះ កែប្រែសណ្ឋាគារ The Great Duke ឲ្យក្លាយទៅជាមន្ទីរពេទ្យព្យាបាល អ្នកជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កបានប្រើពេលត្រឹមតែ ៣៣ម៉ោងប៉ុណ្ណោះ ដើម្បីកែប្រែសណ្ឋាគារ The Great Duke ឲ្យក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជំងឺប្រមាណ ៥០០នាក់។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ មីនានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអះអាងថា “ក្នុងរយៈពេលតែ ៣៣ម៉ោងប៉ុណ្ណោះយើងបានរួមគ្នា សម្រេចនូវបេសកកម្មដ៏ធំមួយ គឺការកែប្រែសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) ដែលជាសណ្ឋាគារដ៏ធំមួយនៅភ្នំពេញ ហើយដែលបានបិទទ្វារមិនដំណើរការ អាជីវកម្មអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ ឲ្យក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជម្ងឺប្រមាណ ៥០០នាក់”។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអរគុណដល់បងប្អូនក្រុមការងារ ទាំងអស់ពីអង្គភាពកងទ័ព កងរាជអាវុធហត្ថ នគរបាលជាតិ ក្រសួងសុខាភិបាល ក្រសួងការងារ សាលារាជធានីភ្នំពេញ អគ្គិសនីយកម្ពុជា(EDC) ក្រុមហ៊ុនឯកជន និងមិត្តភ័ក្ត្រទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការរៀបចំនេះព្រោះបើគ្មានការ ចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការ ដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដោយស្មោះ ចំពោះម្ចាស់សណ្ឋាគារ The Great Duke ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាល ខ្ចីសណ្ឋាគារដ៏ធំមួយនេះដោយឥតគិតថ្លៃ សម្រាប់ប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។

ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះ ជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាល ក្នុងការប្រមូលផ្តុំធនធានមនុស្ស, សម្ភារ, បរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន បម្រើដល់ការជួយសង្គ្រោះដល់ អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាល កាន់តែធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងសហគមន៍។

សូមរំលឹកថា កាលពីរាត្រីថ្ងៃទី៦មីនា កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យយកអ្នកកើតជំងកូវីដ-១៩ ពីមណ្ឌលព្យាបាលជំងឺកូវីដ ព្រែកព្នៅ មកព្យាបាលក្នុងសណ្ឋាគារ Great duke (អតីតសណ្ឋាគារអាំងត័រកង់ទីណង់តាល់) វិញ ក្រោយពីអ្នកជំងឺកូវីដម្នាក់ ស្លាប់ដោយសារ រើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×