ព័ត៌មានជាតិ

ស្រ្តីជនជាតិចិនម្នាក់ បានលួចរត់ចេញពី ខេត្តព្រះសីហនុ សំដៅមកភ្នំពេញ តែឃាត់ខ្លួនទាន់

ភ្នំពេញ ៖ ស្រ្តីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុ សំដៅទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្ត ឲ្យជិះរថយន្តដឹកទំនិញ ម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 3C-3259 ប៉ុន្តែត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនទាន់។ នេះបើតាមការចេញផ្សាយ របស់រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃ ៩ មីនានេះ។

ហេតុការណ៍លួចរត់នេះ បានកើតឡើងនៅម៉ោង១១ និង៥១នាទីយប់ថ្ងៃ៨ មីនា ។ ក្រោយពីស្រ្តីរូបនេះបានធ្វើដំណើរ មកដល់ព្រំប្រទល់ស្រុកកំពង់សីលា ក៏ត្រូវសមត្ថកិច្ចប្រចាំការ ត្រួតពិនិត្យគោលដៅព្រំប្រទល់ ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច បានធ្វើការឃាត់ សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិចិន ត្រឡប់មកគោលដៅដើម ដើម្បីធ្វើចត្តាឡីស័កវិញ ។ ដោយឡែក អ្នកបើកបរ រថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។

ជាមួយនឹងសកម្មភាព មិនគោរពវិន័យនេះ រដ្ឋបាល ខេត្តព្រះសីហនុ បានចាត់វិធានការ ម៉ឺងម៉ាត់ តាមផ្លូវច្បាប់ ចំពោះបុគ្គល ដែលបានល្មើស លើបំរាមរបស់រដ្ឋបាលខេត្ត ដែលបានដាក់ ចេញនាពេលថ្មីៗនេះ ដោយអនុវត្តតាមអនុក្រឹត្យ លេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះ ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធី បណ្តេញចេញពីប្រទេសកម្ពុជា លែងឲ្យត្រឡប់ មកវិញជារៀងរហូត ។ ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន)រៀល ចំពោះអ្នកផ្តើមគំនិតដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័កឲ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ ។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការ តាមផ្លូវច្បាប់ឲ្យម៉ឹងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

កាលពីប៉ុន្មានថ្ងៃមុន រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសឲ្យផ្អាក ការធ្វើដំណើរចេញ-ចូលខេត្ត លើកលែងតែរថយន្តដឹកទំនិញ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ៕

To Top
×