នយោបាយ

រដ្ឋសភាសង្ឃឹមថា សេចក្ដីព្រាងច្បាប់ ទប់ស្កាត់ជំងឺកូវីដ១៩ នឹងឆ្លងផុត ព្រឹទ្ធសភាឆាប់ៗ ដើម្បីរាជរដ្ឋាភិបាល យកទៅអនុវត្ត

ភ្នំពេញ ៖ ខណៈជំងឺកូវិដ១៩ កំពុងរាតត្បាតកាន់ តែខ្លាំងឡើង សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានបង្ហាញក្ដីសង្ឃឹមថា សេចក្តីព្រាងច្បាប់ ស្តីពីវិធានការ ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លង កាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត នឹងត្រូវឆ្លងព្រឹទ្ធសភា ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យរាជរដ្ឋាភិបាលយកទៅអនុវត្ត ក្នុងការទប់ស្កាត់ការពារ ប្រជាពលរដ្ឋកាន់ តែមានលក្ខណៈទូលំទូលាយ ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្ដេច ហេង សំរិន ព្រួយបារម្ភជាខ្លាំង ចំពោះ សុខុមាលភាព ប្រជាពលរដ្ឋ ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាត ក្នុងសហគមន៍ នាពេលនេះ។

សម្ដេចសង្កេតឃើញថា បើទោះបីចំនួនអ្នកវិជ្ជមានកូវីដ១៩ដែលរកឃើញស្ថិតក្នុងអត្រាខ្ពស់ក៏ដោយ តែសម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល អាជ្ញាធរដែនដីបានដាក់ចេញវិធានការទាន់ពេលវេលា ក្នុងការគ្រប់គ្រង និងដោះស្រាយស្ថានការណ៍ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាដោយមិនគិតថ្ងៃយប់ នោះឡើយ។

សម្ដេចបញ្ជាក់ថា «ខ្ញុំសូមជម្រាបថា រដ្ឋសភា ទើបតែបានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីថ្ងៃទី៥ មីនា កន្លងទៅនេះ ហើយសង្ឃឹមថា សេចក្តីព្រាង ច្បាប់នេះ ត្រូវឆ្លងព្រឹទ្ធសភា ក្នុងពេលឆាប់ៗនេះ ដើម្បីរាជរដ្ឋាភិបាល យកទៅអនុវត្ត ជាឯកសារគតិយុត្ត នៅក្នុងការឆ្លើយ តបទប់ស្កាត់ការពារ សុខុមាលភាព ប្រជាពលរដ្ឋកាន់ តែមានលក្ខណៈធំ ទូលំទូលាយគ្រប់ជ្រុងជ្រោយ ថែមទៀត»។

សម្ដេចបន្ថែម ថា សេចក្តីព្រាងច្បាប់នេះ បានផ្តល់លទ្ធភាពបង្កើត ជាមូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាព ជាម្ចាស់ការ ត្រៀម លក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធ ទប់ស្កាត់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នូវការឆ្លងរាលដាល នៃជំងឺផ្សេងៗទៀត មិនថាតែកូវីដ១៩ នោះទេ៕

To Top