Covid-19

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តលើកចិត្ត ឱ្យកងកម្លាំង ពង្រឹងស្មារតី និងកុំចុះញ៉ម នឹងការរីករាលដាល ក្នុងសហគមន៍

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីធ្វើបទបង្ហាញ ស្តីពីបទដ្ឋានប្រតិបត្តិការ និងលំហាត់ហ្វឹកហ្វឺនអន្តរាគមន៍សន្តិសុខ និងសណ្តាប់ធ្នាប់ នៅ តាមគោលដៅ និងតំបន់ចត្តាទ្បីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកងពលតូច អន្តរាគមន៍លេខ១, ខេត្តកំពង់ឆ្នាំង, ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។

លោក បានលើកឡើងថា ការហ្វឹកហ្វឺននាពេលនេះ មានសារៈសំខាន់ណាស់ ក្នុងការបណ្តុះនូវពុទ្ធិ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ តាមរយៈវិធានមួយចំនួន ដូចជា ការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ការពារ និង៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យកម្លាំងយើងយល់ដឹងអំពី បទដ្ឋានប្រតិបត្តិស្តង់ដា ក្នុងការការពារខ្លួន ការពារក្រុមគ្រួសារ និងការពារការឆ្លងរីករាល ក្នុងអង្គភាព ដោយរួម មានទាំងការហ្វឹកហ្វឺនទ្រឹស្តីក្នុងថ្នាក់ ទាំងការសំដែងការអនុវត្តជាក់ស្តែងលើទីលាន ព្រមទាំងការបន្តដុសខាត់ ចំណេះដឹងជាប្រចាំ ប្រយោជន៍ផ្តល់ជាទុន ក្នុងការការពារខ្លួន និងជួយទប់ស្កាត់ការចម្លងពីបុគ្គលវិជ្ជមាន ទៅអ្នកដទៃ ហើយចាំបាច់ទាមទារ ឲ្យសិក្ខាកាមមានការយល់ដឹងស៊ីជម្រៅ នូវយុទ្ធវិធីនីមួយៗ តាមតួនាទីភារកិច្ចច្បាស់លាស់ ជាមួយការបំពាក់សម្ភារគ្រប់គ្រាន់ និងធានា ក្នុងការទំនុកបម្រុង បានគ្រប់ជ្រុងជ្រោយ ដើម្បីភាពជោគជ័យ ក្នុងប្រតិបត្តិការជាក់ស្តែង។

លោកឧត្តម សេនីយ៍ បានបន្ថែមថា ភារកិច្ចចម្បងក្នុងប្រតិបត្តិការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ មានបីដំណាក់កាលធំៗ៖ ទីមួយគឺការស្វែងរកយ៉ាងរហ័ ស ឲ្យឃើញនូវអ្នកដែលវិជ្ជមាន និងអ្នកទាំងទ្បាយណា ដែលមានការពាក់ព័ន្ធ ដើម្បីធ្វើការប្រមូលផ្តុំ ដាក់ ក្នុងមណ្ឌលចត្តាទ្បីស័ក ធានាទប់ស្កាត់បានការឆ្លងរីករាលដាល ទៅដល់អ្នកដទៃ។ ក្នុងដំណាក់កាលនេះ ក្រុមពេទ្យ របស់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ បានដើរតួនាទី ជាកម្លាំងជួរមុខ យ៉ាងសំខាន់ ហើយបានប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ អស់រយៈកាលជិតពីរឆ្នាំមកហើយ ដោយបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ។ ដូច្នេះសូមកងកម្លាំងគ្រប់ប្រភេទ មន្រ្តីរាជការ សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអ ស់ មានភាពម្ចាស់ការខ្លួនឯង ដោយទៅធ្វើការពិគ្រោះ ជាមួយមន្ត្រីសុខាភិបាល ប្រកបដោយភាពអង់អាចក្លាហាន មិនមានការលាក់លៀម ឬអៀនខ្មាស់ បើមានអាការៈគួរសង្ស័យណាមួយ កើតទ្បើង ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាល នៃជំងឺនេះ។

លោក បន្តថា ទីពីរគឺការប្រមូល គ្រប់គ្រង និងពិនិត្យឲ្យបានហ្មត់ចត់ ដល់អ្នកដែលជាប់មានការសង្ស័យ ដើម្បីធ្វើចត្តាទ្បីស័ក ធានាទប់ស្កាត់បាននូវការរីករាលដាលជាបន្តបន្ទាប់ ហើយសូមគ្រប់ បណ្តាអង្គភាពទ័ពធ្វើការរៀបចំអគារ ដាច់ដោយទ្បែកមួយ ប្រកបដោយបទដ្ឋានស្តង់ដារ និងការអនុវត្ត តាមវិធានសុខាភិបាលត្រឹមត្រូវ សម្រាប់ធ្វើជាមណ្ឌលចត្តាទ្បីស័ក ដល់យោធិនរបស់ខ្លួន និងក្រុមគ្រួសារ ដែលនេះជាការជួយសម្រាលបន្ទុក ដល់បណ្តាមជ្ឈមណ្ឌល ចត្តាទ្បីស័ក របស់រាជរដ្ឋាភិបាល។ នៅក្នុងដំណាក់កាលនេះ កម្លាំងប្រជាការពារ កងនគរបាលជាតិ កងរាជអាវុធហត្ថ បានចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយកម្លាំង ដែលទទួលការហ្វឹកហ្វឺននាពេលនេះ នឹងត្រៀមដើម្បីចូលរួមគាំទ្រ នៅក្នុងប្រតិបត្តិការគ្រប់គ្រងតំបន់ចត្តាទ្បីស័ក ក្នុងស្ថានការណ៍ចាំបាច់កើតទ្បើង ដែលទាមទារឲ្យមានកម្លាំងជំនួយបន្ថែម ក្នុងការការពារការបន្តឆ្លងរាលដាល ទៅក្នុងសហគមន៍ និងសង្គមគ្រួសារ។

ទីបីគឺការព្យាបាល ដើម្បីធានាបាននូវការជាសះស្បើយ សម្រាប់អ្នកជំងឺគ្រប់រូប ទោះបីជាជំងឺកូវីដ-១៩បានបំប្លែងខ្លួន យ៉ាងក៏ដោយ ក៏យើងបន្តរក្សានូវការប្រឹងប្រែង និងប្រុងប្រយ័ត្នខ្ពស់ ព្រោះសន្ទុះនៃការឆ្លង បានកើនទ្បើងគួរឲ្យ ចាប់អារម្មណ៍ ក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយមានទាំងករណីនាំចូល និងទាំងករណីរីករាលដាល ក្នុងសហគមន៍ តែយើងមិនបានបាត់នូវភាពម្ចាស់ការ ក្នុងការគ្រប់គ្រង និងព្យាបាលទ្បើយ ហើយថែមទាំងបន្តយកចិត្តទុកដាក់កើនទ្បើង ក្នុងការទប់ស្កាត់ កុំឲ្យមានការរីករាលដាលខ្លាំងជាងនេះទៀត ជាពិសេសក្នុងអំទ្បុងពេលបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណី ជាតិខ្មែរដែលនឹងឈានចូលមកដល់ នាពេលខាងមុខ។

លោកឧត្តមសេនីយ៍ ក៏សូមអរគុណដល់ ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល និងបណ្តាកងឯកភាពដែល បានសហការជ្រោមជ្រែង ក្នុងការផ្តល់ក្រុមគ្រូឧទ្ទេស ក្រុមបច្ចេកទេស ក្នុងការតាក់តែងឯកសារ និងធ្វើបទបង្ហាញ ដល់ការហ្វឹកហ្វឺននេះ ព្រមទាំងអរគុណដល់ កងកម្លាំងរបស់យើង សម្រាប់ទឹកចិត្តក្លាហានមុះមុត និងការត្រៀមលក្ខណៈ រួចជាស្រេចក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕

To Top