ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចុះដោះស្រាយបញ្ចប់វិវាទដីផ្លូវ នៅស្រុកស្រីសន្ធរ និងបើកផ្លូវនោះ សម្រាប់ពលរដ្ឋប្រើប្រាស់វិញ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះដោះស្រាយបញ្ចប់ក្នុងករណីវិវាទដីផ្លូវ ស្ថិតក្នុងភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដោយភាគីទំនាស់យល់ព្រម រុះរើចំណុចដីកើតហេតុ និងប្រគល់បើកផ្លូវប្រើប្រាស់ ជាសាធារណៈវិញ ។

សូមរំលឹកថា ករណីទំនាស់ដីផ្លូវខាងលើ តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ រហូតបានប្តឹងចូលតុលាការនៅឆ្នាំ ២០០៦ និងមានចេញដីកាកិច្ចការប្រញ៉ាប់ ក្នុងការបើកផ្លូវទទឹង៣ម៉ែត្រ បង្គាប់ឲ្យភាគីម្ខាងទៀតអនុវត្ត តែភាគីនោះ មិនព្រមអនុវត្តតាមការសម្រេចរបស់ដីកានោះ រហូតមកដល់បច្ចុប្បន្ននេះ។

ប៉ុន្តែយ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១នេះ ករណីវិវាទនោះត្រូវបាន អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ចុះដោះស្រាយបញ្ចប់ ដោយមានប្រធានតុលាការខេត្ត , ព្រះរាជអាជ្ញា រួមទាំងមន្ទីរជំនាញ ,អាជ្ញាធរមូលដ្ឋាន និង គូភាគីទាំងសងខាង និងអ្នកតំណាងភាគី ក៏មកចូលរួមផងដែរ ។

ដោយនីតិវិធីក្នុងការដោះស្រាយនោះ លោកអភិបាលខេត្ត បានជួយឧបត្ថម្ភថវិកា ចំនួន ៥ លានរៀល សម្រាប់ការវាយរបងថ្ម និងរុះរើផ្ទះ តៀមចេញពីផ្លូវសាធារណៈ ដែលភាគីបានបិទរយៈពេលជាង១៦ ឆ្នាំមកហើយ។

សូមបញ្ជាក់ថា ការដោះស្រាយនេះដែរ គូភាគីបានព្រមព្រាង ទទួលយកទាំងសងខាងដោយក្តីរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកអភិបាលខេត្ត រួមទាំងក្រុមការងារទាំងអស់ ដែលបានចុះមកជួយដោះស្រាយជូនពួកគាត់៕

To Top