នយោបាយ

ព្រឹទ្ធសភា ឯកភាពទាំងស្រុង​ លើសេចក្តីព្រាងច្បាប់ ទប់ស្កាត់ជំងឺកូវីដ១៩ ដោយឥតកែប្រែ

ភ្នំពេញ ៖ ព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាព ទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ដោយឥត កែប្រែនូវ ចំនួនសំឡេងគាំទ្រ ៣៩សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល ។

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ព្រឹទ្ធសភា បានបើកសម័យប្រជុំ វិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាព លោ ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភា ចំនួន៣៩រូប បានចូលរួម ។ អង្គប្រជុំបានដំណើរការ ដោយមានរបៀបវារៈចំនួនមួយ គឺ ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

អង្គប្រជុំបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ទាំងមូល ដោយឥតកែប្រែ ចំនួន៣៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅ ការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាព សាធារណៈ និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងការកាត់បន្ថយ ឲ្យបានជាអតិបរមានូវ ផលប៉ះពាល់ នៃជំងឺឆ្លងនេះ ចំពោះវិស័យ សង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។

អនុលោមតាមជំពូកទី៣ មាត្រា៣២ និង ជំពូកទី៤ មាត្រា៥២ រដ្ឋធម្មនុញ្ញកម្ពុជា សេចក្តីព្រាងច្បាប់នេះ បង្ហាញពីឆន្ទៈ របស់ រាជរដ្ឋាភិបាល ក្នុងការ លើកកម្ពស់ ការទទួលខុសត្រូវ ចំពោះភាពរស់រានមាន ជីវិត របស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងប្រឈមនឹងការគំរាមកំហែង ពីការ រីករាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ។

សេចក្តីព្រាងច្បាប់នេះ មាន៦ ជំពូក និង១៨មាត្រា ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រម ជាលើកដំបូង ចំនួន៨៣សំឡេង នៃ ចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។

សូមបញ្ជាក់ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានអញ្ជើញមកការពារ សេចក្តីព្រាងច្បាប់ ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ៕

To Top