Covid-19

លោក ពេជ្រ ស្រស់ ផ្ដល់យោបល់ ឲ្យរាជរដ្ឋាភិបាល បិទរាជធានីភ្នំពេញ ៣ថ្ងៃ គឺដើម្បីបាញ់ថ្នាំ សម្លាប់ មេរោគCovid-19

ភ្នំពេញ៖ ស្របពេលដែលស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់ថមថយរហូត ឈានដល់មានករណីស្លាប់ជនជាតិខ្មែរម្នាក់ ជាលើកដំបូងនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដល់ជាវិធានការ៣ចំណុច ដល់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺCOVID-19។

វិធានការ១ក្នុងចំណោម វិធានការទាំង៣នោះ លោក ពេជ្រ ស្រស់ បានស្នើឲ្យរាជរដ្ឋាភិបាលបិទរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ គឺដើម្បីបាញ់ថ្នាំសម្លាប់ មេរោគCovid-19 នៅកន្លែងសាធារណៈ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដែលមានមនុស្ស ច្រើនធ្វើការ ។

វិធានការទាំង បីចំណុចដែលលោក ពេជ្រ ស្រស់ ជូនទៅកាន់រាជរដ្ឋាភិបាល រួមមាន៖
១. បិទរាជធានីភ្នំពេញ3ថ្ងៃ គឺដើម្បីបាញ់ថ្នាំសម្លាប់ មេរោគCovid-19 នៅកន្លែងសាធារណៈ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដែលមានមនុស្សច្រើនធ្វើការ។
២. ចេញបំរាមហាមជួបជុំគ្នា លើសពីមនុស្ស ៥នាក់ នៅគ្រប់ទីកន្លែងក្នុងរយៈពេល១៤ថ្ងៃ ដើម្បីតាមដាន ការរីករាលដាល នូវមេរោគCOVID-19នៅភ្នំពេញ។
៣. ហាមមនុស្សចេញចូល ពីរាជធានីភ្នំពេញទៅខេត្ត នានាក្នុងរយៈពេល១៤ថ្ងៃសិន ដើម្បីកាត់ផ្តាច់មេរោគ COVID-19 ឆ្លងទៅខេត្តផ្សេងៗ ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែចំពោះអ្នកដឹកទំនិញ គ្រូពេទ្យ និង កងកម្លាំង គ្រប់ប្រភេទគឺអនុញ្ញាតឲ្យមានការចេញចូលធម្មតា។

លោក ពេជ្រ ស្រស់ បញ្ជាក់បន្ថែមថា “ក្នុងកាលៈទេសៈនេះរដ្ឋាភិបាលគួរធ្វើការសម្រេចចិត្ត ឲ្យទាន់សភាពការណ៍COVID-19 គឺដើម្បីបញ្ចប់ការ រីករាលដាលនូវមេរោគCOVID-19នៅទូទាំងកម្ពុជា”។

ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ក៏បានអំពាវនាវសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេរោគ COVID-19 ដោយ គោរពតាមការណែនាំ របស់ក្រសួងសុខាភិបាលនិង កុំចេញក្រៅផ្ទះ បើគ្មានការចាំបាច់ ជាពិសេសត្រូវតែ អនាម័យជាប្រចាំ ដើម្បីកម្ចាត់មេរោគCOVID-19។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១១៦៣ នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុប៥៩៧ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៥៦៥ នាក់ និងមានអ្នកស្លាប់ម្នាក់ជាលើកដំបូង៕

To Top