Covid-19

ក្រសួងធម្មការ ប្រកាសពីការលើកលែង ករណីបូជាសពសាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលស្លាប់ដោយជំងឺកូវីដ-១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាល សម្រេចលើកលែងករណីការបូជាសព សាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីឲ្យស្របទៅតាមជំនឿ ប្រពៃណី និងទំនៀមទំលាប់។

តាមលិខិតរបស់ក្រសួងធម្មការ និងសាសនា ជូនប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ចេញផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ ថា “រាជរដ្ឋាភិបាល សម្រេចលើកលែង ករណីការបូជាសពសាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីឲ្យស្របទៅតាមជំនឿ ប្រពៃណី និងទំនៀមទំលាប់របស់សាសនិកឥស្លាម និងជនជាតិដើមភាគតិច ក្នុងការបញ្ចុះសព ដោយអនុវត្តតាមវិធានសុខាភិបាល។

ក្រសួងធម្មការ បន្ដថា ការធ្វើបែបនេះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះគ្រប់ជាតិសាសន៍ និងសាសនា ដែលចាត់ទុកជាសុខដុមនីយកម្មជនជាតិ និងសាសនា ដែលមាននៅកម្ពុជា។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,២២៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៦១៩នាក់ អ្នកជំងឺ ចំនួន៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕

To Top