ព័ត៌មានជាតិ

សសកច នាំយកអំណោយ ជូនដល់មន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ៖ គណៈប្រតិភូសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច) ដឹកនាំដោយលោក ទេស សារ៉ារិទ្ធ និងលោក លីវ ស៊ាវគ័ង សហប្រធានសសកច នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ បានយកនាំជាបរិក្ខាបរិភោគ កុំព្យូទ័រ ព្រមទាំងម៉ាស មួយចំនួនជូនដល់ មន្ទីរពេទ្យកុមារជាតិ ដើម្បីប្រើប្រាស់ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោក លី ស៊ាវគ័ង សហប្រធានសសកចភាគីចិន បានថ្លែងថា ការផ្តល់ជូននាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីផ្តល់ជូនមន្ទីរពេទ្យកុមារជាតិ នូវអំណោយដែលជាជំនួយ របស់ក្រុមហ៊ុនសារព័ត៌មានស្វាយ សម្រាប់ប្រើប្រាស់នាពេលនេះ។

លោកសហប្រធាន បានថ្លែងការគោរព និងកោតសរសើរដល់ លោកនាយកមន្ទីរពេទ្យ ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ដែលបានខិតខំ យកអស់កម្លាំងកាយចិត្ត ជួយដល់អ្នកជំងឺ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទាំងថ្នាំវ៉ាក់សាំង ស៊ីណូហ្វាម និងអាស្ត្រាហ្សែននែកា។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងអំណរគុណដល់សសកច ក៏ដូចជាក្រុមហ៊ុនព័ត៌មានស្វាយ ដែលបាននាំយកអំណោយ ជាសម្ភារៈនាពេលនេះ គឺជាការលើកចិត្តបន្ថែមទៀតដល់បុគ្គលិកមន្ទីរពេទ្យ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន បំរើជូនដល់សាធារណជន ជាពិសេសអំឡុងពេលចាក់ថ្នាំបង្ការកូវីដ១៩ នាគ្រានេះ។

លោកនាយកមន្ទីរពេទ្យ បានមានប្រសាសន៍ថា “តាងនាមឱ្យបុគ្គលិកមន្ទីរពេទ្យកុមារជាតិ យើងពិតមានក្តីសោមនស្សរីករាយ ដែលបានទទួលនូវអំណោយនាគ្រានេះ និងសូមជូនពរសសកច ក៏ដូចជាក្រុមហ៊ុនព័ត៌មានស្វាយ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន រួចចាកផុតពីជំងឺកូវីដ១៩”។

សម្ភារៈដែលផ្តល់ជូន មាន កុំព្យូទ័រ ចំនួន២ ទឹកបរិសុទ្ធ ១០០កេស មីជាតិ ១០០កេស ម៉ាស១៥កេស ស្រោមដៃ១៥កេស ឧបករណ៍វ៉ាស់កំដៅ២០ដើម ជែលលាងដៃ៥០ដប សរុបថវិកា ៤៥០០ដុល្លារអាមេរិក៕

To Top