Covid-19

ក្រសួងសុខាភិបាល ៖ ការកាត់ផ្ដាច់ព្រឹត្តិការណ៍ ២០កុម្ភៈ ដោយជោគជ័យ ឬបរាជ័យ អាស្រ័យលើពលរដ្ឋ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីកាត់ផ្ដាច់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈប្រកបជោគជ័យ ឬ បរាជ័យ គឺអាស្រ័យទៅលើប្រជាពលរដ្ឋទាំងអស់គ្នាជាអ្នកប្រព្រឹត្តិ ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានខិតខំធ្វើការងារទប់ស្កាត់ជំងឺកូវីដ-១៩ យ៉ាងសកម្ម។

ក្នុងសន្និសីទសារព័ត៌មាន ដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក ឱ វណ្ណឌីន បានថ្លែងឲ្យដឹងថា ក្នុងការបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ ជោគជ័យ ឬបរាជ័យអាស្រ័យទៅលើទៅប្រជាជន ក្នុងការអនុវត្តវិធានការ ដើម្បីការពារជំងឺកូវីដ-១៩។

លោកស្រីបញ្ជក់យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បានជម្រាបជូនសាធារណៈជនទាំងអស់រើយៗ ជោគជ័យ ឬបរាជ័យ នៃការទប់ស្កាត់ការចម្លងនៃវិរុសកូវីដ-១៩ គឺអាស្រ័យទៅលើបងប្អូនទាំងអស់គ្នា រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានខិតខំអស់ចេញពីចិត្ត ក្នុងការអំពាវនាវក្នុងការដាក់ចេញនូវវិធានការចាំបាច់ៗ សម្រាប់ការអនុវត្ត»។

លោកស្រីបន្ដថា រហូតដល់ពេលនេះ មានប្រជាពលរដ្ឋមួយនៅតែបន្ដជួបជុំគ្នា ដើម្បីធ្វើការផឹកស៊ី ដោយមិនអនុវត្តតាមក្រសួងសុខាភិបាល ដូច្នេះពលរដ្ឋខ្មែរ ត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា។លោកស្រីថា មានពលរដ្ឋមួយចំនួនគិតថា កម្មវិធីរបស់គាត់សំខាន់ជាងជំងឺកូវីដ-១៩។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៣២៥នាក់ ក្នុងនោះ ចំពោះអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈ មានចំនួន៨១០នាក់ អ្នកជាសះស្បើយ ចំនួន៧៣០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៥៩២នាក់ និងស្លាប់ម្នាក់ ៕

To Top