Covid-19

លោកស្រី ឱ វណ្ឌឌីន ព្រមានពីការ គ្មានកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ បើការកើតកាន់តែច្រើន

ភ្នំពេញ ៖ បន្ទាប់ពីរកឃើញជំងឺកូវីដ១៩ កាន់តែច្រើនជាបន្តបន្ទាប់ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បានព្រមានពីការគ្មានកន្លែង សម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ បើសិនកាន់តែមានករណី ឆ្លងជំងឺនេះកើនឡើងជាបន្ត ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា វ៉ាក់សាំងគ្រាន់តែជាវិធានការបន្ថែម ពីលើវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដែលប្រមុខរាជរដ្ឋាភិបាលដាក់ចេញ និងតម្រូវការនៃការធ្វើចត្តាឡីស័ក។

លោកស្រីបានព្រមានយ៉ាងដូច្នេះថា «យើងមើលសព្វថ្ងៃនេះ បើសិនមានករណីឆ្លងកាន់តែច្រើនទៅៗ នៅមន្ទីពេទ្យ គ្មានកន្លែងដាក់សម្រាប់ព្យាបាលទេ។ ឧបមាថា មួយថ្ងៃឆ្លង៦០នាក់ ឬ៧០ ឬ៨០នាក់ អត់យូរទេ គឺអត់មានកន្លែងដាក់តែម្តង បើទោះបីរៀបចំមន្ទីពេទ្យថែមទៀតក្តី តែបើបងប្អូនមិនអនុវត្តការណែនាំ ករណីនៅកាន់តែកើននោះ មិនហួសអ្វីដូចស្រុកគេទេ ។ អីចឹងមធ្យោបាយ នៅមានការជជែកគ្នាទៀត ថាតើត្រូវធ្វើយ៉ាងណាម៉េច?»។

លោកស្រីថា កម្ពុជាមិនចង់ស្ថិតក្នុង ករណីគ្មានកន្លែងព្យាបាលទេ ពីព្រោះបើសិនមានករណីនោះមែន នឹងកាន់តែពិបាកជាងពេលនេះទៀត ដូច្នេះសុខចិត្តពិបាកពេលនេះ ប្រសើរជាងពិបាកពេលក្រោយ។

លោកស្រីបានលើកឡើងថា ផែនការនៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា គឺមានចំនួន១០លាននាក់ ដើម្បីឲ្យមានភាពសាំនៅក្នុងសហគមន៍ ដូច្នេះការចាក់បានទើបតែជាង១៧ម៉ឺននាក់ មានចំនួនតិចនៅឡើយ។ អ្វីដែលសំខាន់នោះ គឺវ៉ាក់សាំងកម្ពុជា ទទួលបាននៅមានកម្រិត ដូច្នេះពេលមានវ៉ាក់សាំងមិនទុកទេ ត្រូវចាក់ហើយ។

លោកស្រីបញ្ជាក់ថា «វ៉ាក់សាំងតែមួយមុខ មិនមែនជាមធ្យោបាយ នៃការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នោះទេ។ សុំនិយាយឲ្យច្បាស់ណា គឺវាជាវិធានការបន្ថែម ហើយអ្នកដែលចាក់វ៉ាក់សាំងរួច ក៏មិនត្រូវជិះសេះលែងដៃ (មិនគោរពវិធានការសុខាភិបាល) ដែរ ។ ខ្ញុំសុំបញ្ជាក់ថា ហើយបញ្ជាក់ថាទៀត ពីព្រោះលទ្ធភាពចំលងនៅតែមាន តែវាអាចជួយកាត់បន្ថយ ឬវាយលូកនូវជំងឺកូវីដ១៩» ៕

To Top