Covid-19

សម្តេចតេជោ ផ្តល់អាហារូបករណ៍ពិសេស សិក្សា ១២ឆ្នាំ នៅសាលាប៊ែលធី អន្តរជាតិ ដល់កូនទាំង ៤នាក់ របស់បុរសជនជាតិខ្មែរ ដំបូង ស្លាប់ដោយកូវីដ១៩

ភ្នំពេញ៖ កូនៗទាំង៤នាក់ របស់លោក ឡៅ វណ្ណា ដែលជាមនុស្សដំបូងនៅកម្ពុជាទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ទទួលបានអាហារូបករណ៍ពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសិក្សារយៈពេល ១២ឆ្នាំ នៅសាលាប៊ែលធី អន្តរជាតិមួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) ។

អាហារូបករណ៍ពិសេសនេះ ត្រូវបានប្រកាស និងប្រគល់ដោយ លោក លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ដែលបានប្រគល់ជូនទៅលោកស្រី វ៉េង សុម៉ាលី ត្រូវជាភរិយារបស់លោក ឡៅ វណ្ណា សម្រាប់ផ្តល់ជូនកូនៗ ក្នុងបន្ទុកទាំង៤នាក់ ឲ្យមានឱកាសបានបន្តការ ។

សូមរំលឹកថា លោក ឡៅ វណ្ណា បានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ក្នុងនោះដែរ កូនៗទាំង៤នាក់ ដែលទទួលបានអាហារូបកណ៍ពិសេសនេះ រួមមាន៖ ១- ឈ្មោះ ឡៅ លីម៉េង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១១ និងភាសាអង់គ្លេសទូទៅ Level 9, ២- ឈ្មោះ ឡៅ លីជីន ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី៦ និងភាសាអង់គ្លេសទូទៅ Preschool 1, ៣- ឈ្មោះ ឡៅ សុម៉ាលីន ភេទស្រី ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី២ និងភាសាអង់គ្លេសទូទៅ Preschool 1 និង ៤- ឈ្មោះ ឡៅ លីហេង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១ និងភាសាអង់គ្លេសទូទៅ Preschool 1 ។

ផ្ទាំងពាណិជ្ជកម្ម

អាហារូបករណ៍ពិសេស មាន ៖ ១-អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ។ ២-ឯកសណ្ឋានម្នាក់២កំប្លេ ជារៀងរាល់ឆ្នាំ និង៣-សៀវភៅពុម្ភសិក្សា ទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់ឆ្នាំ និងវគ្គ។

ក្នុងឱកាសនោះ លោកក៏បានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសម្តែង នូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាឡោះអាល័យ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សពឲ្យបានសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានោះ លី ឆេង តំណាងរាស្ត្រក៏បានចូលបុណ្យសពលោក ឡៅ វណ្ណា នូវថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ផងដែរ ៕

To Top