ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា៖ គោលបំណងសំខាន់ នៃដំណើរទស្សនកិច្ច របស់ខ្ញុំលើកនេះ គឺទស្សនាទីកន្លែងសមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញ ព្រះរាជទស្សនកិច្ចទៅកាន់ទីកន្លែងកំណើតនៃបក្សកុម្មុយនិស្តចិនពោលគឺជាទីតាំងដែលត្រូវបានប្រារព្ធឡើងដោយសម្ងាត់នូវសមាជបក្សលើកទី១ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩២១ ដែលសមាជជាតិលើកដំបូងរបស់បក្សកុម្មុយនិស្តចិនបានបើកនៅទីនេះមានតំណាងសរុប ១៣ នាក់មកពីអង្គការបក្សកុម្មុយនិស្ត ៧ បានចូលរួមកិច្ចប្រជុំរបស់ពួកគេ តំណាងឱ្យសមាជិកគណបក្សជាង ៥០ នាក់នៅទូទាំងប្រទេស។

យោងតាមគេហទំព័រRoyal du Cambodge បានឲ្យដឹងថា ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជឱង្ការនាសវនាការជាមួយ លោក Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងលោក Gao Zheng អភិបាលក្រុងសៀងហៃ នាវេលារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយ និងកត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃនាឱកាសនេះ ហើយគោលបំណងដ៏សំខាន់មួយនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ គឺទស្សនាទីតាំងសមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន»។

បន្ទាប់ពីបានបំពេញព្រះរាជទស្សនកិច្ច និងទ្រង់ព្រះសណ្តាប់អំពីប្រវត្តិសាស្រ្តលម្អិត នៃទីតាំងសមាជលើកទី១រួចមក ព្រះអង្គ សព្វព្រះរាជហឫទ័យមានព្រះរាជបន្ទូលថ្លែងនាឱកាសនោះថា «ទីនេះគឺជាទីកន្លែងដែលមានសារៈសំខាន់ខាងនយោបាយ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ ទីតាំងនៃសមាជជាតិលើកទី ១ របស់បក្សកុម្មុយនិស្តចិន បានឲ្យយើងមើលឃើញពីប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិនដែលបានឆ្លងកាត់ការលំបាកយ៉ាងច្រើនក្នុងការកសាងប្រទេស និងបម្រើប្រជាជន។

គួរបញ្ជាក់ផងដែរថា ព្រះករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះ មហា វីរក្សត្រ ព្រះ វររាជ បិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិ ខ្មែរ ព្រះ បរម រតន កោដ្ឋ ជា ទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់បំផុតព្រះអង្គធ្លាប់បានបំពេញព្រះរាជទស្សនកិច្ចទៅកាន់ទីតាំងដ៏មានសារៈសំខាន់ខាងលើនេះចំនួន២លើក គឺនៅក្នុងឆ្នាំ ១៩៦៣ និងឆ្នាំ១៩៧២៕

To Top