Covid-19

អគ្គលេខាធិការអង្គការ OIF មានបំណងទស្សនកិច្ច នៅកម្ពុជា ដើម្បីទទួលបានវ៉ាក់សាំង ជាសកល ក្រោមយន្តការ COVAX

ភ្នំពេញ៖ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានប្រាប់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរថា លោកស្រីមានបំណង អញ្ជើញមកបំពេញទស្សនកិច្ច ជាមួយឥស្សរជន ហ្វ្រង់កូហ្វូនី មកពីសហភាពអឺរ៉ុប នៅកម្ពុជា នៅមុនដំណាច់ខែមេសាឆ្នាំនេះ ក្នុងគោលបំណងធ្វើការតស៊ូមតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំង ជាសកល និងប្រកបដោយ សមធម៌ ក្រោមយន្តការ COVAX ដែលដឹកនាំដោយអង្គការ សុខភាពពិភពលោក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៨ មីនានេះ បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបសន្ទនាជាមួយលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការ OIF អំពីប្រធានបទទាក់ទងនឹងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយសមធម៌ និងជាសកល ។ក្នុងជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនលោកស្រី Louise MUHSIKIWABO ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត។ វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបាន ក្នុងក្របខណ្ឌនៃយន្តការ Covax និងអំណោយពីរដ្ឋាភិបាលចិន បានអនុញ្ញាតឲ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងដល់ប្រជាជន។ វ៉ាក់សាំងជាច្រើនទៀតត្រូវ បានរំពឹងនឹងទទួលបានក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ។

លោកស្រីអគ្គលេខាធិការ MUSHIKIWABO ក៏បានកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព ។ លោកស្រី បានរំឭកពីសេចក្តីសម្រេចដែលសមាជិកអង្គការ OIF បានអនុម័តជាឯកច្ឆន្ទ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ សំដៅសម្រេចបាននូវសាមគ្គីភាពអន្តរជាតិ និងការចែករំលែកវ៉ាក់សាំងប្រកបដោយសមធម៌ នៅក្នុងក្របខ័ណ្ឌនៃយន្តការ Covax និងជាមួយសហភាពអឺរ៉ុប។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា “គ្មានប្រទេសណាអាចចាត់ទុកថា រួចផុតពីគ្រោះថ្នាក់បានទេ ប្រសិនបើប្រទេសផ្សេងទៀត មិនមានសុវត្ថិភាពនោះ។ វ៉ាក់សាំងនេះជាដំណោះស្រាយតែមួយគត់ សម្រាប់ការវិលត្រឡប់ ទៅរកស្ថានភាពធម្មតាឡើងវិញ” ។

លោកស្រី MUSHIKIWABO បានជូនដំណឹងពីបំណងប្រាថ្នា របស់លោកស្រី ក្នុងការបំពេញទស្សនកិច្ច ជាមួយឥស្សរជនហ្វ្រង់កូហ្វូន មកពីសហភាពអឺរ៉ុប នៅកម្ពុជា នៅមុនដំណាច់ខែមេសាឆ្នាំ២០២១ ក្នុងគោលបំណងធ្វើការតស៊ូមតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំងជាសកល និងប្រកបដោយសមធម៌ ក្រោមយន្តការ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។

លោកឧបនាយករដ្ឋមន្រ្តី បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើនេះ និងបានប្រកាសថា “អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ត្រូវតែបង្ហាញវត្តមានរបស់ខ្លួន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលកម្ពុជាលើកតម្កើងយ៉ាងសកម្ម នូវការប្រើប្រាស់ភាសាបារាំង និងគុណតម្លៃហ្វ្រង់កូហ្វូនី។ យុទ្ធនាការចាក់វ៉ាក់សាំងពហុភាគីនេះ នឹងទទួលបានការចាប់អារម្មណ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ដែលរៀបចំឡើងដោយប្រទេសកម្ពុជានៅដំណាច់ឆ្នាំ២០២១ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ។

លោកស្រីអគ្គលេខាធិការ បានសម្តែងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ចំពោះប្រទេសកម្ពុជា និងបានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

To Top