ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់ ជាប់ពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩ នៅតែបន្តចូលបង្រៀន សិស្ស

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិតស្តីបន្ទោសទៅលោក ប៉ៃ ផុនា ដែលជាគ្រូបង្រៀន កម្រិតឧត្តមមុខវិជ្ជាគីមី នៅវិទ្យាល័យអង្គតាសោម ខេត្តតាកែវ ក្រោយបានចូលរួមកម្មវិធី មានមនុស្សច្រើន ខណៈមានអ្នកជំងឺកូវីដ១៩ម្នាក់ បានចូលរួម បន្ទាប់មក ក៏បានមកបង្រៀនសិស្សនៅក្នុងថ្នាក់បន្ត ។

លោករដ្ឋមន្រ្តីបានស្តីបន្ទោស ដោយសារតែលោកគ្រូខាងលើ បានប្រព្រឹត្តកំហុសឆ្គង ក្នុងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយសាមីខ្លួន មានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ប៉ុន្តែមិនបានអនុវត្តវិធានការ ទប់ស្កាត់ការចម្លងបន្តទៅក្នុងសាលារៀន ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ខេត្តតាកែវបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃ១៥ មីនា ក្រោយ កក្កដា សោភ័ណ្ឌ ដែលជាអតីតសង្ឃ មានវិជ្ជមានកូវីដ១៩ បានទៅចូលរួមមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃ ១២មីនា ។ ក្រោយរកឃើញ បុគ្គលកក្កដា សោភ័ណ្ឌ មានផ្ទុកកូវីដ១៩ តំបន់នេះ ត្រូវបានចាត់ចូលជាទីធ្វើចត្តាឡីស័ក និងមានការបិទកន្លែងអាជីវកម្ម របស់ពលរដ្ឋផងដែរ ។ អ្នកប៉ះពាល់ខ្លាំងជាមួយ កក្កដា សុភ័ណ្ឌ មានចំនួន២៥នាក់ និងអ្នកប៉ះពាល់ ដោយប្រយោល៣៥៥ នាក់ ៕

To Top