ព័ត៌មានជាតិ

ស្ថាប័នអយ្យការ អមសាលាដំបូងខេត្ត និងគ្រឹះស្ថាន ប្រសើរហ្វាយនែន បាននាំយកថវិកា និងសម្ភារៈ ប្រគល់ជូនគណៈកម្មការ ប្រឆាំងកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម ៖ ក្នុងគោលបំណង ចូលរួមប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ចាម លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម បាននាំថវិកាចំនួន ៤លានរៀល និងតំណាងគ្រឹះស្ថានប្រសើរហ្វាយនែន (ម.ក) នាំយកម៉ាសចំនួន ៥.០០០ ម៉ាស , មីជាតិ ១០០កេស, ទឹកបរិសុទ្ធ ១០០ កេស , អាល់កុល ១៥០លីត្រ ប្រគល់ជូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការនេះ ។

បន្ទាប់ពីប្រគល់ ទទួល លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីដ-១៩ ខេត្ត បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម និង លោក-លោកស្រី ជាតំណាង គ្រឹះស្ថាន ប្រសើរហ្វាយនែន(ម.ក) ដែលបានឧបត្ថម្ភជាថវិកា និងសម្ភារៈ ដើម្បីចូលរួមក្នុងវិធានការ ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវិដ-១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ប្រើប្រាស់ ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ ជាពិសេសផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអ្នកចំណូលស្រុក ដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័ក តាមមណ្ឌលចត្តាឡីស័ក ក្នុងខេត្តកំពង់ចាមផងដែរ ។

សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃដដែលនេះ បើតាមលោក នួន ណុយ នាយករងរដ្ឋបាល ខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា មានអ្នកធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះចំនួន ២២ នាក់ បន្ទាប់ពីធ្វើតេស្ត អវិជ្ជមានកូវីដ-១៩ ចំនួន២លើក ។ ប្រជាពលរដ្ឋទាំង ២២នាក់នោះ មកពីស្រុកចំនួន៤ គឺ ស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ។

To Top