ព័ត៌មានជាតិ

ថៃផ្ដល់១០ម៉ឺនដុល្លារ រួមចំណែកដោះស្រាយ តម្រូវការចាំបាច់ឲ្យពលករខ្មែរ កំពុងធ្វើចត្តាឡីស័ក

ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃបានសម្រេចផ្ដល់ជំនួយ ១០ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដោះស្រាយតម្រូវការចាំបាច់នានាជូនពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នាទីស្តីការក្រសួងការបរទេស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីខ្មែរ និងលោក ប៉ាន់យ៉ារ៉ាក់ ភូលថាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលមូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារដែលជាជំនួយសប្បុរសធម៌ពីរាជរដ្ឋាភិបាលថៃ ជូនរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា «ជំនួយនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែក ដោះស្រាយតម្រូវការចាំបាច់នានា ជូនបងប្អូនពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ» ។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលនិងប្រជាជនថៃដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួល ដល់ពលករកម្ពុជាដែលបានទៅធ្វើការ និងស្នាក់នៅប្រទេសថៃ។
ការផ្តល់ជំនួយសប្បុរសធម៌នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អ រវាងប្រទេសទាំងពីរផងដែរ ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៩ មីនានេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៥៧៨នាក់ ក្នុងព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ អ្នកកំពុងព្យាបាលចំនួន ៦៥៨នាក់ និងមានអ្នកស្លាប់ម្នាក់ ៕

To Top