កម្សាន្ត

ក្រោយជួប​វិ​ប​ត្តិ​គ្រួសារ ស្នេហាបែកបាក់ និងបាត់បង់ងារឧកញ៉ា ពេលនេះ​​ ឌួង ឆាយ បួសជាសង្ឃ លុបលាងបាបកម្ម

ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងរ៉ាវក្នុងគ្រួសារ ដែលបានលាតត្រដាង ដោយអតីតភរិយា អំពីអំពើហឹង្សា វាយដំ ទាត់ធាក់ប្រពន្ធ ឈានដល់ផ្លូវបំបែក និងបណ្តាលឲ្យបាត់បង់ គោរមងារជាឧកញ៉ាផងនោះ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានគ្រងស្បង់ជីពរ សាងផ្នួស ក្នុងគោលបំណង សងគុណអ្នកមានគុណ និងជំរះនូវបាបកម្ម ដែលខ្លួនបានសាងកន្លងមក ។

តាមបណ្តាញសង្គមផ្ទាល់ខ្លួន របស់លោក ឌួង ឆាយ នារសៀលថ្ងៃនេះ បានបង្ហោះនូវ រូបភាព កំពុងកោរកេសា និងគ្រងស្បង់ជីពរជាសាមណេរ ដោយបានសរសេរៀបរាប់ថា “ខ្ញុំបាទបានបួសសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ” ។

ក្នុងរូបភាព ជាសាមណេរ បន្ទាប់ពីកោរកេសា រួចរាល់ហើយនោះ ឌួង ឆាយ ក៏បានលើកដៃសំពះ សុំអោយអហោសកម្មអោយខ្លួនផងដែរ ។ 

សូមរំលឹកថា រឿងរ៉ារបស់ ឌួង ឆាយ បានបែកធ្លាយជាបន្តបន្ទាប់ ក្រោយពីអតីតភរិយា បានប្រកាស ពីដំណឹងលែងលះ និងបានLive លើបណ្តាញសង្គម រៀបរាប់ពីរឿងរ៉ាង បន្តិចម្តងៗ រហូតមានការបង្ហោះវីដេអូ នូវអំពើហិង្សាក្នុងគ្រួសារ ដែលបង្កឡើង ដោយ ឌួង ឆាយ ។ 

បន្ទាប់ពីវីដេអូ ដែលអតីតភរិយាបានបង្ហោះ នៅលើបណ្តាញសង្គម សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងការហួសចិត្ត ដោយបានលើកជាសំណួរថា “ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ? “ ។ ក្នុងនោះដែរ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លៃងការណ៍ ថ្កោរទោស ចំពោះទង្វើរបស់ ឌួង ឆាយ ផងដែរ ។ 

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃ១៧ ខែមីនា សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យបញ្ចប់គោរមងារ ជាឧកញ៉ារបស់ ឌួង ឆាយ។ ក្រោយមក សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រាបទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីស្នើសុំ បញ្ចប់គោរមងារ ជាឧកញ៉ា។ 

ក្រោយពីសម្តេចតេជោ ធ្វើសំណើរនេះ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារឧកញ៉ា ឌួងឆាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ។ 

សូមបញ្ជាក់ផងដែរថា ឌួង ឆាយ ផ្ទាល់ ក៏បានអះអាងថា ខ្លួន ព្រមទទួលស្គាល់ កំហុសគ្រប់យ៉ាង រួចរាល់ហើយដែរ លើបណ្តាញសង្គមរបស់ខ្លួន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top