ព័ត៌មានជាតិ

ក្រសួងធម្មការ ស្នើតុលាការ ខេត្តកណ្ដាល ចាត់វិធានការ តាមផ្លូវច្បាប់ចំពោះ ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានស្នើព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ តាមមាត្រា៥១៦ បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែងថា នឹងសម្លាប់ តាមមាត្រា ២៧៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមលិខិតរបស់ ក្រសួងធម្មការ នាពេលថ្មីៗនេះបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ មីនា លោក ផែង វណ្ណៈ ធ្វើការបង្ហោះវីដេអូ ផ្សាយផ្ទាល់លើផេករបស់ខ្លួន អតីតឈ្មោះ Pheng Vannak News ដោយបានជេរប្រមាថ មកលើព្រះសង្ឃ និងពោលពាក្យគម្រាមកំហែង ញុះញុងឱ្យមានការរើសអើង ចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បានប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតរបស់អ្នកបួស ដោយបាននិយាយថា « ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង ចំពោះអ្នកប្រព្រឹត្ត»។

ក្រសួងធម្មការ រៀបរាប់ថា ទាំងនេះជាចេតនាគម្រាមកំហែងថានឹងសម្លាប់ ដែលមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ និងចោទបន្ថែមលើព្រះគ្រូ ចៅអធិការវត្តបូណ៍នូវពាក្យមិនពិតដោយពោលថា លោកជាជន រងគ្រោះ រត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាប មិនហ៊ានចូលផ្ទះទៀតផង និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាល័ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង ។
ជាងនេះទៅទៀត ក្នុងនាមក្រសួងធម្មការ និងសាសនា ធ្វើការថ្កោលទោសលើបុគ្គលឈ្មោះ ផែង វណ្ណៈ ចំពោះ សកម្មភាព ដូចបានរៀបរាប់ខាងលើនេះ និងស្នើសុំឲ្យ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ចាត់វិធានការចំពោះបុគ្គលរូបនេះ តាមច្បាប់ជាធរមាន។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា ក្រោយពីជេរប្រមាថទមើលងាយធ្ងន់ៗ ទៅលើព្រះមហាវិមលធម្ម ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ផ្ទុះការរិះគន់យ៉ាងខ្លាំងនោះ កាលពីថ្ងៃទី២០ មីនា លោក ផែង វណ្ណៈ បានទៅកាន់វត្តរាជបូណ៌ ក្នុងទឹកដីខេត្តសៀមរាប ដើម្បីចូលខ្លួនឱនក្បាលក្រាបបង្គំ សុំខមាទោសចំពោះព្រះភក្ដ្រ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ហើយនៅព្រឹកនេះ ។

ពាក់ព័ន្ធករណីនេះដែរ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិ ច្ចការវត្តអារាម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោស ចំពោះបុគ្គល ផែង វណ្ណៈ ដែលប្រមាថសមាជិក ថេរភាសង្ឃខេត្ត និងមន្ដ្រីរដ្ឋបាលខេត្តសៀមរាប ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាថ្ងៃទី ៨មីនា បានសម្រេចលុប អាជ្ញាបណ្ណ គេហទំព័រឈ្មោះ WWW.phengvennaknews.com របស់លោក ផែង វណ្ណៈ ដោយម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាទ ចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបសរដ្ឋ និង ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្ដល់ទុក នៅក្រសួងព័ត៌មាន ៕

To Top