បច្ចុប្បន្នភាព
BBC បានចុះផ្សាយថា ក្នុងរយៈពេលជិតមួយទសវត្សរ៍ ចុងក្រោយនេះ ប្រទេសចិនបានបន្តវាទី ពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ ជាពិសេសនៅសមុទ្រចិនខាងត្បូង តាមរយៈការដាក់ពង្រាយ កងកម្លាំងយោធា នាវាចម្បាំង និងគ្រឿងយុទ្ធោបករណ៍ ផ្សេងទៀត ។
នៅសមុទ្រចិនខាងត្បូង ចិនបានបូមខ្សាច់ចាក់ភ្ជាប់ប្រជុំកោះតូចៗ មួយចំនួនអោយទៅជា កោះសិប្បនិមិត្តធំមួយ ដែលមានកោះ ស្ប្រាតលី និងប៉ារ៉ាស៊ែល (Spratly and Paracel) ជាដើម ដោយបានបំពាក់គ្រឿង យុទ្ធោបករណ៍ទំនើបៗនៅលើកោះនេះ ។
មិនត្រឹមតែដាក់ពង្រាយនាវាចម្បាំង នាវាមុជទឹក និងគ្រឿងយុទ្ធោបករណ៍ជាច្រើន នៅលើកោះសិប្បនិមិត្ត នៅសមុទ្រចិនខាងត្បូងនោះទេ ចិនក៏បានបំពាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ នៅលើកោះសិប្បនិមិត្តនោះដែរ រូមទាំងសាងសង់អាកាស យានដ្ឋានថែមទៀត ។
អ្នកជំនាញខាងភូមិសាស្ត្រ នយោបាយ របស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសអូស្ត្រាលី បាននិយាយថា ទង្វើរបស់ប្រទេសចិននេះ គឺជាយុទ្ធសាស្ត្រពង្រីក ឥទ្ធិពលរបស់ខ្លួន ក្នុងតំបន់ ឫជាការវា ទីយកទឹកដីភាគច្រើន នៅសមុទ្ទចិនខាងត្បូង ។ អ្នកជំនាញអាមេរិក ដដែលបានបន្តថា ប្រទេសចិន បានអះអាងយកដែន ទឹកភាគច្រើន នៅសមុទ្រចិនខាងត្បូង ដោយមិនខ្វល់ពីការតវ៉ា របស់ប្រទេសមួយចំនួន ក្នុងតំបន់ មានប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយណេ វៀតណាម និងកោះតៃវ៉ាន់ជាដើម ។
ប្រទេស និងដែនដីខាងលើនេះ បានតវ៉ាយ៉ាងខ្លាំង ផ្នែកការទូតចំពោះការពង្រីកឥទ្ធិពលរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង ប៉ុន្តែមេដឹកនាំចិន ហាក់ដូចជាមិនអើពើ ចំពោះការតវ៉ានេះទេ ដោយនៅតែបន្ត យុទ្ធសាស្ត្រវាទី និយមរបស់ខ្លួនដដែល ។ ក្រៅតែពីពង្រឹងឥទ្ធិពល យោធានៅកោះសិប្បនិមិត្ត ក្នុងសមុទ្រចិនខាងត្បូង ប្រទេសចិន ក៏បានពង្រីកឥទ្ធិពលយោធា នៅសមុទ្រខាងត្បូងក្នុងដែនទឹក របស់ប្រទេសហ្វីលីពីនផងដែរ ។
កាលពីថ្ងៃអាទិត្យ ទី២១ ខែមីនានេះ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសហ្វីលីពីន លោក Delfin Lorenzana បាននិយាយថា នាវាចម្បាំងរបស់ប្រទេសចិន ប្រមាណជាង២០០គ្រឿង បានចូលទៅសំចត នៅក្នុងដែនទឹក របស់ប្រទេសហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ។
លោក Delfin Lorenzana បានបន្ថែមថា នាវាចម្បាំងចិន ទាំងជាង២០០គ្រឿង នោះ បានបណ្តែតខ្លួនជាខ្សែទៅបោះទីតាំង នៅក្បែរថ្មប៉ប្រះទឹក ក្នុងតំបន់សេដ្ឋកិច្ច របស់ប្រទេសហ្វីលីពីន ដែលជាការលុកលុយ និងជាការរំលោភលើដែនទឹកហ្វីលីពីន ។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនដដែល បានទាមទារអោយនាវាចម្បាំង របស់ប្រទេសចិន ដកខ្លួនចេញពីដែនទឹកហ្វីលីពីនជាបន្ទាន់ ហើយបើមិនដកខ្លួនចេញទេ ហ្វីលីពីននឹងមានការឆ្លើយតបសមស្របដែលអាចធ្វើទៅបាន ។
រហូតដល់ថ្ងៃចន្ទ ទី២២ ខែមីនានេះ ប្រទេសចិនមិនទាន់ឆ្លើយតបយ៉ាងណា ចំពោះហ្វីលីពីននោះទេ ដោយនាវាចម្បាំងទាំងជាង២០០គ្រឿងនោះ នៅតែបន្តបោះទីតាំងនៅតំបន់ថ្មីប៉ប្រះទឹក Whitsun នៅចម្ងាយប្រមាណជាង ៣២០គីឡូម៉ែត្រពីកោះ Palawan ហ្វីលីពីន ។
ទីភ្នាក់ងារហ្វីលីពីន ដែលទទួលបន្ទុក តាមដានតំបន់ជាប់ ជម្លោះជាមួយប្រទេសចិន នៅសមុទ្រចិនខាងត្បូង បានអោយដឹងថា នាវាចម្បាំង ទាំងជាង២០០គ្រឿង របស់ប្រទេសចិន បានទៅបោះទីតាំងក្នុងដែនទឹក ហ្វីលីពីន ចាប់តាំងពីថ្ងៃទី៧ ខែមីនាកន្លងមកម៉្លេះ ។
ទីភ្នាក់ងារដដែលបានបន្តថា កងកម្លាំងយោធាចិន នៅលើនាវាចម្បាំងទាំងនោះ មិនបានធ្វើ សកម្មភាពនេសាទ ឫធ្វើសកម្មភាពអរិភាពណាមួយ នៅក្នុងតំបន់នោះទេ ដោយគ្រាន់តែបោះយុទ្ធការ ជាមូលដ្ឋានយោធាដែនទឹកតែប៉ុណ្ណោះ ។
ដើមចមនាំអោយកើតរឿង
លោក Harry Harris អតីតមេបញ្ជាការ នៃអគ្គបញ្ជាការយោធា សហរដ្ឋអាមេរិកប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បាននិយាយថា ដើមចមដែលនាំអោយប្រទេសចិន បន្តពង្រីកឥទ្ធិពលយោធាក្នុងតំបន់សមុទ្រចិនខាងត្បូង គឺដោយសារតំបន់នេះសំខាន់ណាស់សម្រាប់ចិន ។
ប្រទេសចិនមិនអាចត្រួតត្រាពិភពលោកដូចសហរដ្ឋអាមេរិកមែន ប៉ុន្តែចិនក៏ជាប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ចលំដាប់លេខ២នៅលើពិភពលោកដែរ ហើយមិនក៏កំពុងចាប់ច្បាមយកតំបន់អាស៊ីទាំងមូលដែរ តាមរយៈការពង្រីកអំណាចយោធា និងសេដ្ឋកិច្ច ។
ក្នុងនាមជាមហាអំណាច ទោះបីជាមិនបានក្តោបក្តាប់ពិភពលោកទាំងមូលក៏ដោយ ក៏ចិនត្រូវចាប់ច្បាម យកតំបន់ជិតខ្លួន ដែរ ហើយមុនដំបូង គឺគ្រប់គ្រងសមុទ្រចិនខាងត្បូង ដែលនាវាចរណ៍ពាណិជ្ជកម្ម មានតម្លៃប្រមាណជាង ៥សែនកោដិដុល្លារ អាមេរិកឆ្លងកាត់ ។
សូមរំលឹកជូនថា កាលពីឆ្នាំ២០១៦កន្លងទៅ ប្រទេសចិនបានច្រានចោល នូវសេចក្តីសម្រេចរបស់តុលាការ អាជ្ញាកណ្តាលអន្តរជាតិ ដែលបានកាត់ក្តីអោយប្រទេស ហ្វីលីពីនជាអ្នកឈ្នះ ក្នុងជម្លោះដណ្តើមដែន ទឹកនៅសមុទ្រចិន ខាងត្បូង ។
មិនត្រឹមតែច្រានចោលសេចក្តី សម្រេចរបស់តុលាការ អាជ្ញាកណ្តាលអន្តរជាតិនោះទេ ចិនថែមទាំងបានបញ្ជូននាវាចម្បាំង រាប់រយគ្រឿង ទៅកាន់តំបន់ដែនទឹក ដែលហ្វីលីពីនជាអ្នក ឈ្នះក្តីនោះទៀត ដែលជាការបង្ហាញថា ចិនមិនញញើតអន្តរជាតិទេ ៕
ដោយ ៖ អ៊ី ជិន