Covid-19

សម្ដេចតេជោ ប្រាប់ទូតសិង្ហបុរីថា ទោះកូវីដ១៩ ឲ្យនៅឆ្ងាយពីគ្នាក៏ដោយ តែត្រូវជំនះបញ្ហានេះ ដើម្បីបន្ដជំរុញទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រាប់ទូតសិង្ហបុរីថ្មីថា ទោះបីជំងឺកូវីដ១៩ បានបំផ្លាញគ្រប់គ្នា ដោយតម្រូវឲ្យនៅឆ្ងាយពីគ្នា ប៉ុន្តែត្រូវជំនះនូវបញ្ហាទាំងនេះ ដើម្បីបន្តជំរុញទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ។ នេះបើយោងតាមគហេទំព័រហ្វេសប៊ុក សម្ដេចតេជោ ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-សិង្ហបុរី មានជាយូរលង់ណាស់មកហើយ ដែលចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរី ទទួលឯករាជ្យដោយបានភ្ជាប់ទំនាក់ទំនង ការទូតជាមួយកម្ពុជាតាំងពីពេលនោះមក។

សម្ដេចតេជោ មានប្រសាសន៍ថា «ជំងឺកូវីដ-១៩បានបំផ្លាញយើងគ្រប់គ្នា ដោយបានដាក់គម្លាតឲ្យយើង នៅឆ្ងាយពីគ្នាមិនតែប៉ុណ្ណោះទេ ថែមទាំងឲ្យយើងពាក់ម៉ាស នៅពេលសន្ទនាជាមួយគ្នា ទៅវិញ ទៅមក ទៀតផង ។ យើងត្រូវតែជំនះនូវបញ្ហានេះ គឺយើងត្រូវបន្តជំរុញទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយ ដែលបានចុះហត្ថលេខាកន្លងមក និងបន្ថែមជាមួយនូវកិច្ចសហប្រតិបត្តិការ ផ្សេងៗជាច្រើនទៀត ស្របតាមសក្កានុពលដែល ប្រទេសយើងទាំងពីរមាន គឺយើងត្រូវខិតខំធ្វើទោះបីយើង ត្រូវអនុវត្តការងារនេះតាមគន្លង បែបថ្មីដូចសព្វថ្ងៃយ៉ាងណាក៏ដោយ»។

នាឱកាសនោះ លោកស្រី Teo Lay Cheng បានអបអរសាទរសម្ដេចតេជោ ដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ យ៉ាងឆាប់រហ័សធ្វើឲ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំ។ រីឯការកាត់បន្ថយភាពក្រីក្រ ក៏មានល្បឿនលឿនគួរឲ្យកត់សម្គាល់។

លោកស្រីបន្ដថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ។ ទោះជាយ៉ាងណាក៏ដោយលោកស្រី ក៏បានបញ្ជាក់ថា កម្ពុជា-សិង្ហបុរីនៅមានសក្ដានុពលច្រើនទៀត ៕

To Top