ភ្នំពេញ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនបុរសម្នាក់ យកទៅពិនិត្យសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីបុរសរូបនេះ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ មិនបានអនុវត្តឲ្យត្រឹមត្រូវ តាមវិធានសុខាភិបាល ហើយបានធ្វើដំណើរ មកខេត្តពោធិ៍សាត់ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាល ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ មីនានេះ បានឲ្យដឹងថា បុរសរូបនេះមានឈ្មោះ មួន សុភាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានធ្វើដំណើរមកខេត្តពោធិ៍សាត់ ដែលជាប់ពាក់ព័ន្ធ នឹងអ្នកជំងឺកូវីដ-១៩ ដោយមានការសង្ស័យ អាជ្ញាធរខេត្តពោធិ៍សាត់ បានធ្វើការនាំខ្លួន មកត្រួតពិនិត្យសុខភាព និងយកសំណាក និង ដាក់ឲ្យធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកខេត្ត ពោធិ៍សាត់រងចាំលទ្ធផល ៕