ព័ត៌មានជាតិ

កម្ពុជាប្ដេជ្ញាពង្រឹង យន្តការកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង សំដៅធ្វើឲ្យស៊ីជម្រៅចំណង មិត្តភាពរវាងបណ្ដាប្រទេសមេគង្គ-ចិន

ភ្នំពេញ៖ បើទោះបីជាមានការលើកឡើង បែបវាយប្រហារ និងរិះគន់ឥតល្ហែល្ហើយ ពីមជ្ឈដ្ឋានខាងក្រៅជាពិសេសប្រទេសលោកខាងលិច និងសហភាពអឺរ៉ុប ជុំវិញកិច្ចសហប្រតិបត្តិការ «មេគង្គ-ឡានឆាង» ដែលមានប្រទេសចិន ជាអ្នកផ្ដួចផ្ដើម និងបណ្ដាប្រទេសនៅតាម ដងទន្លេរមេគង្គ មួយចំនួន យ៉ាងណាក្ដី ក៏កម្ពុជាបានធ្វើការប្ដេជ្ញាង្រឹងយន្តការ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សំដៅធ្វើឲ្យស៊ីជម្រៅនូវចំណងមិត្តភាព រវាងបណ្ដាប្រទេសមេគង្គ និងប្រទេសចិន។

យោងតាមខ្លឹមសារលិខិត ក្នុងឱកាសអបអរសាទរ «ទិវាសប្ដាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០២១» លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ក្នុងអំឡុងរយៈពេល៥ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានបង្ហាញយ៉ាងច្បាស់ នូវគុណតម្លៃ នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការដែលជំរុញឲ្យកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ រវាងប្រទេសតាមដងទន្លេទាំង៦ ក្នុងការដោះស្រាយ បញ្ហាប្រឈមនានា ក្នុងតំបន់ ដោយឈរលើស្មារតី បើកចំហ បរិយាប័ន្ន និងបំពេញបន្ថែមជាមួយយន្ត ការកិច្ចសហប្រតិបត្តិការអនុតំបន់ ផ្សេងទៀត។

តាមរយៈកិច្ចពិគ្រោះយោបល់ដោយបើកចំហ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់នូវលទ្ធផលជាក់ស្តែង ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកែលម្អស្ថាប័ននៅតាមបណ្តាប្រទេសនីមួយៗនៅក្នុងអនុតំបន់ ដែលទាំងអស់នេះបានគាំទ្រដល់ការពង្រឹងការកសាងសហគមន៍អាស៊ាន។

ប្រមុខការទូតកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ៗថា «កម្ពុជាសូមលើកឡើងសារជាថ្មីនូវការប្ដេជ្ញាចិត្ត របស់កម្ពុជា ក្នុងការពង្រឹងយន្តការ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សំដៅធ្វើអោយស៊ីជម្រៅ នូវចំណងមិត្តភាព និងការគាំទ្រទៅវិញទៅមក រវាងបណ្ដាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីនៃការជំរុញ ការអភិវឌ្ឍប្រកបដោយ ចីរភាព និងការតភ្ជាប់ប្រជាជនយើងទាំងផ្នែកសង្គម និងវប្បធម៌»៕

To Top