ព័ត៌មានជាតិ

ក្មេងស្រីខ្មែរ៣នាក់ រងគ្រោះចាញ់បោកមេខ្យល់ ក្រោមរូបភាពយកទៅរៀបការ ជាមួយជនជាតិចិន បានត្រឡប់មកដល់ កម្ពុជាហើយ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានថ្លែងឲ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ថាក្មេងស្រីរងគ្រោះជនជាតិខ្មែរចំនួន៣នាក់ដែលត្រូវបានមេខ្យល់ឆបោកទៅប្រទេសចិន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃ២៣ មីនា វេលាម៉ោង ២៣:១៥នាទីយប់ ជើងយន្តហោះលេខ.MU759 តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើតាមការចេញផ្សាយរបស់ផេកការពិត GCNP។

ក្មេងស្រីរងគ្រោះមានឈ្មោះ ៖ ទី១. យ៉េន សុជាតា ទី២.សុខ ណា និងទី៣. សៀន ស្រីណុច មានទីលំនៅ ស្រុកតំបែ ខេត្តត្បូងឃ្មុំ ។ បច្ចុប្បន្នក្មេងស្រីរងគ្រោះបាននិងកំពុងអនុវត្តវិធានចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យពោចិនតុង រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ny Ka Met Ma បានផ្ញើសារចូលក្នុងប្រអប់សារគេហទំព័ររបស់ក្រុមប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិឈ្មោះ “ការពិតជា GCNP” ដោយសំណូមពរឲ្យអាជ្ញាធរជួយអន្តរាគមន៍សង្គ្រោះនាងមកកម្ពុជាវិញ ដោយពុំអាចស៊ូទ្រាំនឹងការធ្វើទារុណកម្ម អាហារហូបចុកមិនគ្រប់គ្រាន់ និងបង្ខាំងគ្មានសេរីភាព ព្រមទាំងគំរាមសម្លាប់” ។ បន្ទាប់ពីមានការឯកភាពពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ករណីនេះត្រូវបានបញ្ជូនមកនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីជាសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយ។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី បញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ ជំនាញនៃនាយកដ្ឋានបានធ្វើការទំនាក់ទំនងសម្របសម្រួលជាមួយឪពុកមាជនរងគ្រោះឲ្យមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចមានមូលដ្ឋានអនុវត្តគោលការណ៍ជំនាញ និងនីតិវិធី ។ ជាមួយគ្នានោះជំនាញបានធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះនៅប្រទេសចិនតាមប្រព័ន្ធ Facebook Messenger ដើម្បីទទួលបានព័ត៌មានលម្អិតក្នុងការកំណត់គោលដៅសង្គ្រោះ ។
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ នាយកដ្ឋាន បានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីជនរងគ្រោះ និងបានផ្ញើជូនទៅក្រសួងការបរទេសខ្មែរ និងធ្វើការបន្តជាមួយស្ថានទូត និងអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ។

ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅរបស់ក្មេងស្រីរងគ្រោះ គឺនៅខេត្តជាំងស៊ី ក្រុងណានឆាង ប្រទេសចិន និងបានសម្របសម្រួលអនុវត្តគោលការណ៍ជំនាញ និងនីតិវិធីនៃប្រទេសទាំងពីរដើម្បីបញ្ជូនត្រឡប់មកវិញ។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី ថ្លែងបន្តថា តាមការស្រាវជ្រាវរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញរកឃើញស្ត្រីរងគ្រោះជនជាតិខ្មែរសរុបចំនួន៤នាក់ត្រូវបានជួយសង្គ្រោះក្នុងប្រតិបត្តិការនេះ ប៉ុន្តែអាចបំពេញបែបបទបញ្ជូនត្រឡប់មកវិញចំនួន ៣នាក់ ប៉ុណ្ណោះ ដោយសារជនរងគ្រោះឈ្មោះ យ៉េន តី អាយុ១៦ ឆ្នាំកំពុងមានផ្ទៃពោះប្រហែល ៨ ខែ មិនអាចជិះយន្តហោះត្រឡប់មកវិញបាន ដោយរង់ចាំនីតិវិធីបន្ត។

លោក ជីវ ផល្លី បានឲ្យដឹងទៀតថា ពាក់ព័ន្ធករណីជួញដូរមនុស្សដោយខុសច្បាប់ទៅចិននេះ សមត្ថកិច្ចបាន ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ឈ្មោះ ស្រេង សិត ភេទស្រី អាយុ ៣៦ ឆ្នាំរស់នៅភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែ ខេត្តត្បូងឃ្មុំ ដែលបាននាំជនរងគ្រោះឈ្មោះ យ៉េន សុជាតា ទៅប្រទេសចិន បង្ខំអោយរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ។ ជនត្រូវចោទត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំសម្រេចបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្ត៕

To Top