ព័ត៌មានជាតិ

ទូតសង្ឃឹមថា វ៉ាក់សាំងកូវីដ-១៩ របស់ចិន ប្រគល់ឲ្យកម្ពុជា នឹងបង្កើនជាជញ្ជាំង ការពារសុខភាពដ៏រឹងមាំ សម្រាប់ប្រជាជន ប្រយុទ្ធប្រឆាំងជំងឺកូវីដ

ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ភាគី ចិនប្រគល់ឲ្យកម្ពុជា នាពេលនេះ នឹងអាចបង្កើនជាជញ្ជាំង ការពារសុខភាពដ៏រឹងមាំ សម្រាប់ប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩។

ក្នុងពិធីទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន១.៥លានដូស នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ លោក វ៉ាង វិនធាន បានឲ្យដឹងថា ដើម្បីឲ្យប្រជាជនកម្ពុជាអាចប្រើប្រាស់វ៉ាក់សាំង កាន់តែឆាប់រហ័ស រដ្ឋាភិបាលចិន បានផ្ដល់ជំនួយឥតសំណាង ជាវ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូស ជូនភាគីកម្ពុជា នាពេលថ្មីៗនេះ ទោះបីចិន មានតម្រូវការវ៉ាក់សាំង ក្នុងប្រទេសជាបន្ទាន់ក៏ដោយ។

លោកបន្ដថា វ៉ាក់សាំងកូវីដ-១៩ ចំនួន៧០ម៉ឺនដូសទៀត ជាជំហានទី២ របស់ភាគីចិន ជូនភាគីកម្ពុជា នឹងមកដល់កម្ពុជា នាថ្ងៃទី៣១ មីនា ខាងមុខ។ លោកថា ទាំងនេះបញ្ជាយ៉ាងច្បាស់ ពីចំណងមិត្តភាពរវាង ចិន-កម្ពុជា។ លោកថា វ៉ាក់សាំងស៊ូណូវ៉ាក់ ចំនួន១.៥លានដូស ប្រគល់ជូនភាគីកម្ពុជា នាពេលនេះ គឺជាវ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាបញ្ជាទិញលើកដំបូងពីចិន បន្ទាប់ពីកម្ពុជា កំណត់តម្រូវការបញ្ជាទិញវ៉ាក់សាំង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមដោយស្មោះថា វ៉ាក់សាំងចិន នឹងអាចបង្កើនជាជញ្ជាំងក្នុងការពារសុខភាពដ៏រឹង មាំមួយសម្រាប់ប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។ ខ្ញុំធ្លាប់បានលើកឡើងថា កូវីដ-១៩ នៅតែបន្ដរាតត្បា តនៅប្រទេសកម្ពុជា កិច្ចសហការប្រតិបត្តិការរវាង ចិន-កម្ពុជា លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្ដឥតឈប់ឈរនោះដែរ ហើយខ្ញុំសូមបញ្ជាក់ថា ប្រទេសចិន នឹងបន្ដផ្ដល់ការគាំទ្រ ដូចជាផ្ដល់ជំនួយ ឥតសំណាង ដែលជាវ៉ាក់សាំងជូនភាគីកម្ពុជា ឬផ្ដល់ភាពងាយស្រួល ដល់ការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា»។

ផ្ទាំងពាណិជ្ជកម្ម

លោកទូត ក៏បានលើកឡើងថា រហូតមកដល់ពេលបច្ចុប្បន្ន នៅលើពិភពលោក មានជាង៦០ប្រទេសហើយ បានអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងចិន។ លោកថា ភាគីចិនកំពុងផ្ដល់ជំនួយជាវ៉ាក់សាំង ដល់ប្រទេសចំនួន៨០ ហើយគ្មានអ្វីសង្ស័យថា ការផ្ដល់ជំនួយយ៉ាងសន្ធឹកសន្ធាប់របស់ចិន ខុសពីប្រទេសមួយចំនួន ដែលធ្វើការស្ទួងវ៉ាក់សាំង និងកំណត់ការនាំចេញ។

ឆ្លៀតឱកាសនោះដែរ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង ៣ប្រភេទផ្សេងៗគ្នា ដូចជា ៖ វ៉ាក់សាំងស៊ីណូហ្វាម , វ៉ាក់សាំង កូវីសែល និងវ៉ាក់សាំងស៊ីណូវ៉ាក់ ។ លោក ក៏បានថ្លែងអំណរគុណចំពោះ សប្បុរជនដែលផ្ដល់ថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំង ចាក់ជូនប្រជាជនខ្មែរដោយឥតគិតថ្លៃ។

លោកបន្ថែមថា លក្ខណៈពិសេសមិត្តដែកថែបរវាង កម្ពុជា-ចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយធនាឲ្យកម្ពុជា មានវ៉ាក់សាំងកូវីដ-១៩ ទាន់ពេលវេលា សម្រាប់ជូនប្រជាជនកម្ពុជា ៕

To Top
×