Covid-19

ការចាក់វ៉ាក់សាំង ជួយកាត់បន្ថយភាពធ្ងន់ធ្ងរ នៃការវាយលុកពីវិរុសកូវីដ តែត្រូវអនុវត្តវិធានការសុខាភិបាល ជាប់ជាប្រចាំ

ភ្នំពេញ៖ លោកស្រី ឱន វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការពន្យល់ទៅកាន់ប្រជាពល រដ្ឋថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយកាត់បន្ថយជាអតិបរមានៃភាពធ្ងន់ធ្ងរ នៃការវាយលុកពីវិរុសកូវីដ-១៩ ប៉ុន្ដែប្រជាពលរដ្ឋត្រូវបន្ដអនុវត្តវិធានការ សុខាភិបាលជាប់ជាប្រចាំ ផងដែរ។

តាមរយៈសារសំឡេងរបស់ លោកស្រី ឱន វណ្ណឌីន នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយពីចាក់វ៉ាក់សាំងរួច ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានត្រឹមត្រូវ។

លោកស្រី បញ្ជាក់យ៉ាងដូច្នេះថា «ម្យ៉ាងវិញទៀត ការប្រើប្រាស់វ៉ាក់សាំង និងការចាក់វ៉ាក់សាំង គឺជាឧបករណ៍មួយដែល ជួយទៅដល់ការកាត់បន្ថយបានអតិបរមា នៃភាពធ្ងន់ធ្ងរ នៃការវ៉ៃលុកពីវិរុសកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ក្រោយពីការចាក់រួច ក៏តម្រូវឲ្យបុគ្គលទាំងអស់គ្នា បន្ដអនុវត្តនូវវិធានការការពារ គឺ៣ការពារ និង៣កុំ ឲ្យបានត្រឹម ត្រូវជាទីបំផុត ពីព្រោះការចាក់វ៉ាក់សាំងកូវីដ-១៩នេះ វាអាចជួយយើងបង្កើតបាន កង់ការពារសម្រាប់វ៉ៃតបតជាមួយនឹង វិរុសកូវីដ-១៩ នៅពេលណាវិរុសកូវីដ-១៩ យីយេមកដល់សេរីរាងកាយរបស់យើង ហើយកង់ការពារនេះ បានជួយមិន ឲ្យវិរុសកូវីដ-១៩ មិនធ្វើឲ្យសេរីរបស់យើងធ្ងន់ធ្ងរលឿនពេក ហើយក៏មិនឲ្យយើងវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរដែរ»។

ជាមួយគ្នានេះ លោកស្រី ឱន វណ្ណឌីន លើកឡើងថា បច្ចុប្បន្ននេះស្ថានភាពនៃការវាយលុកវិរុសកូវីដ-១៩ គឺមានសភាពការណ៍ស្ថិតក្នុងក្ដីព្រួយបារម្ភ។ លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពិចារណាគិតគូរអំពីអាយុជីវិត របស់ខ្លួន ត្រូវធ្វើយ៉ាងណារក្សាខ្លួនកុំឲ្យ វិរុសកូវីដ-១៩ បម្លែងថ្មី វាយលុកមកលើសេរីរាង របស់ប្រជាពលរដ្ឋឲ្យសោះ។

លោកស្រី បានថ្លែងថា «បច្ចុប្បន្ននេះវិរុសបម្លែងថ្មី កុំតែចរាចរណ៍យ៉ាងសកម្ម នៅរាជធានីភ្នំពេញ ក៏ដូចជា មានការចម្លងបន្ដទៅដល់បណ្ដារាជធានី-ខេត្ត យើងមួយចំនួនរួចទៅហើយ ដូចជា នៅខេត្តកណ្ដាល នៅខេត្តព្រះសីហ នុ ថ្មីៗនេះយើងឃើញហើយ គឺនៅខេត្តសៀមរាប ហើយក៏មាននៅខេត្តត្បួងឃុំ ក៏យើងមានរកឃើញ ហើយនៅខេត្តព្រៃ វែង ក៏យើងមានរកឃើញ ហើយក៏មាននៅខេត្តស្វាយរៀង ផងដែរ»។

លោកស្រី ណែនាំប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួនឲ្យបានត្រឹមត្រូវបំផុត គឺអនុវត្តនូវវិធានការរបស់ក្រសួង សុខាភិបាល។
លោកស្រីថា ប្រសិនបើមិនមានការចាំបាច់អ្វីទេ កុំចេញក្រៅផ្ទះ ធ្វើយ៉ាងណាកុំឲ្យឆ្លងវិរុសកូវីដ-១៩ បម្លែងថ្មីនេះ។

អ្នកនាំពាក្យ បានឲ្យដឹងទៀតថា «យើងក៏មិនដឹងថា តើវិរុសនេះវាបានចរាចរណ៍ ទៅដល់ខេត្តណាខ្លះទៀត? តាមរយៈការធ្វើដំណើរ តាមរយៈការធ្វើចល័តរបស់បុគ្គល។ ដូច្នេះហើយ ដើម្បីឲ្យមានការចូលរួមចំណែកទាំងអស់គ្នា នៅក្នុងការកាត់ផ្ដាច់នៅ ខ្សែចម្លងវិរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ លោកត្រូវតែគិតឲ្យបានម៉ុតចត់ ជាទីបំផុតក្នុងកាលៈទេសៈនេះ ដើម្បីចូលរួមចំណែកទាំងអស់គ្នា នៅក្នុងការកាត់ផ្ដាច់នៃការចម្លងវិរុសកូវីដ-១៩នេះឲ្យ បាន ដើម្បីសុខភាពយើងទាំងអស់គ្នា ដើម្បីការចៀសផុតនៃសេចក្ដីស្លាប់ ដោយសារតែការវ៉ៃលុក នៃវិរុសកូវីដ-១៩ បម្លែងថ្មីនេះ»។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៩៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៨៨៤នាក់ ហើយករណីស្លាប់ ៨នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top