Covid-19

អភិបាលខេត្តកណ្ដាល ដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ឲ្យស្វែងរកអ្នកពាក់ព័ន្ធជាមួយមន្ត្រីនគរបាលចរាចរណ៍ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន បានស្លាប់បាត់បង់ជីវិត មានទីលំនៅស្នាក់នៅភូមិក្ដីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការ ស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ទាំងអស់ក្នុងស្រុកខ្សាច់កណ្ដាល ដើម្បីអញ្ជើញពួកគាត់ មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កស្រុកដែលបានត្រៀមទុក។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ប្រជាពលរដ្ឋ ចំនួន១៣៣ នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយ ឈ្មោះ ថន ចាន់ធឿន ក្នុងនោះមាន ៩ នាក់បានប៉ះពាល់ដោយផ្ទាល់ ហើយក្រុមការងារស្រុក បានធ្វើការស្រាវជ្រាវឃើញថា ឈ្មោះ ថន ចាន់ធឿន បានសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ក្នុងស្រុកខ្សាច់កណ្ដាល អាជ្ញាធរស្រុកបានធ្វើការ បិទជាបណ្ដោះអាសន្ននូវទីតាំង ដែលមានជាប់ពាក់ព័ន្ធនឹងឈ្មោះ ថន ចាន់ធឿន ក្នុងនោះដែរអាជ្ញាធរស្រុកក៏បាន ធ្វើការបិទផ្សារព្រែកលួងផងដែរ។

ដោយឡែកអ្នកដែលបានប៉ះពាល់ទាំង ១៣៣នាក់ អាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័កនៅ វិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល៕

To Top