ព័ត៌មានជាតិ

មេសហជីពចោទសួរថា «ហេតុអ្វីស្ថាប័នពាក់ព័ន្ធមិនគិតគូរ ពីជីវភាពរបស់បុគ្គលិក បម្រើការងារនៅតាមកាស៊ីណូ? ហេតុអ្វីត្រូវផាត់ពួកគាត់ចេញ ពីការផ្តល់ជូនប្រាក់ឧបត្ថម្ភផ្សេងៗ?»

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្ត ការផ្តល់ប្រាក់ឧបត្ថម្ភទៅដល់ កម្មករនិយោជិត វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ តែហេតុអ្វីមិនព្រមផ្ដល់ជូនបុគ្គលិក បម្រើការងារនៅតាមកាស៊ីណូផង។

ការលើកឡើងរបស់លោក ប៉ាវ ស៊ីណា យ៉ាងដូច្នេះ គឺបន្ទាប់ពីមានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើ វិស័យសំខាន់នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៨ ថ្ងៃ២៥ មីនា ២០២១)។

តាមរយៈសំណេរលើគេហទំព័រ ហ្វេសប៊ុករបស់លោក ប៉ាវ ស៊ីណា កាលពីថ្ងៃទី២៦ មីនា បានលើកឡើងថា «រាជរដ្ឋាភិបាល សម្រេចបន្តការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារ រយៈពេល ៣ខែ បន្តទៀត សម្រាប់កម្មករនិយោជិតវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្ញាក់ងារទេសចរណ៍។ ដោយឡែក សម្រាប់បុគ្គលិកនិយោជិត ដែលបម្រើការងារផ្នែក កាស៊ីណូវិញ ហេតុអ្វីក៏ពួកគាត់ មិនទទួលបានអត្ថប្រយោជន៍ ទាំងប្រាក់ឧបត្ថម្ភព្យួរការងារ និងប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដូចកម្មករនិយោជិតវិស័យផ្សេងៗ…»។

តាមរយៈសំណេរនោះដែរ ក្នុងនាមលោកតំណាងឱ្យ កម្មករនិយោជិតមួយរូប លោក ប៉ាវ ស៊ីណា ស្នើឲ្យក្រសួងការងារ មេត្តាជួយបកស្រាយផងព្រោះ តាមការលើកឡើងរបស់បងប្អូន បុគ្គលិកនិយោជិតបម្រើការងារផ្នែកកាស៊ីណូ ពួកគាត់ឆ្ងល់ថា តើការងាររបស់ពួកគាត់មិន ស្ថិតក្រោមច្បាប់ស្តីពីការងារទេ ឬមួយយ៉ាងណា? តើហេតុអ្វីបានជាស្ថាប័នពាក់ព័ន្ធ មិនគិតពីជីវភាពរបស់ពួកគាត់? ហើយហេតុអ្វីត្រូវផាត់ពួកគាត់ចេញ ពីការផ្តល់ជូនប្រាក់ឧបត្ថម្ភផ្សេងៗដូច្នេះ ៕

To Top