ព័ត៌មានជាតិ

លោក អ៊ុន ចាន់ដា នាំអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋ ១៣គ្រួសារ និងផ្ទះ១ខ្នង ផ្តល់ជូនស្ត្រីមេម៉ាយ ទុរគតម្នាក់ ជាអតីតមន្ត្រីកិច្ចការ នារីស្រុកកោះសូទិន

កំពង់ចាម ៖ ដោយមើលឃើញពីស្ថានភាពលំបាករបស់ស្ត្រីមេម៉ាយទុរគតម្នាក់ ជាអតីតមន្ត្រីកិច្ចការនារីស្រុកកោះសូទិន នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម  អមដំណើរដោយសមាជិក សមាជិការ រួមនឹងមន្ត្រីសង្ឃផងនោះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ផ្តល់ជូនស្ត្រីមេម៉ាយទុរគតម្នាក់ និងអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មួយចំនួនទៀត ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៣ គ្រួសារ រស់នៅភូមិជីហែ ឃុំពាមប្រធ្នួស ស្រុកកោះសូទិន ។

បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាមបានអោយដឹងថា ស្ត្រីឈ្មោះ ខឹម ណារី ជាអតីតមន្ត្រីកិច្ចការនារីស្រុកកោះសូទិន  តាំងពីឆ្នាំ១៩៧៩ ហើយបានលាឈប់ពីការងារ ក្នុងឆ្នាំ ១៩៨៦។ គាត់មានកូនប្រុស ស្រី ៣នាក់ តែមានគ្រួសារ បែកទៅរស់នៅកន្លែងទីទៃ ដោយទុកអោយគាត់រស់នៅម្នាក់ឯង គ្មានទីពំនាក់ ក្នុងកូនខ្ទមទ្រុឌទ្រោមដ៏តូចចង្អៀត ។ ម្យ៉ាងទៀត ក្រៅពីប្រាក់ឧបត្ថម្ភរបស់រដ្ឋ ដែលផ្តល់តាមរយៈប័ណ្ណ ក្រ ២ គាត់ដើរកោសខ្យល់បានកម្រៃក្នុង១ថ្ងៃ ត្រឹមតែ ១,០០០ ទៅ ២,០០០ រៀលប៉ុណ្ណោះ  ហើយការរស់នៅ ពឹងផ្អែកតែលើអំពើសប្បុរសរបស់អ្នកជិតខាងប៉ុណ្ណោះ ។

លោក ទូច ឆៃ អោយដឹងទៀតថា បន្ទាប់ពីបានដឹងអំពីស្ថានភាពលំបាករបស់ស្ត្រីកំសត់នោះ ប្រធានគណៈកម្មាធិការសាខា  លោក អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះខ្ពស់ពីដី (ទំហំ៤ម×៦ម) ១ខ្នង ចំណាយលើការសាងសង់អស់ថវិកាជាង៩លានរៀល ជូនគាត់សម្រាប់ស្នាក់នៅតរៀងទៅ ។  

បន្ទាប់ពីបាន ពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្ត បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានទ្វេដង ក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ ទាំងអស់គ្នា  ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានការ “៣ការពារ ៣កុំ និង ២ចូលរួម” និង ការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវកូវីដ-១៩ នេះ ក្នុងស្ថានភាពដែលវីរុសបម្លែងថ្មី កំពុងចរាចរ វាយលុកយ៉ាងសកម្ម បង្កអោយមានការព្រួយបារម្ភយ៉ាងខ្លាំង នៅបណ្តាខេត្តមួយចំនួន ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនអ្នកស្រី ខឹម ណារី សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៧៥គក្រ, ត្រីខ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១កញ្ចប់, អាវយឺត ២, សម្ភារដំណេក, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។ ដោយឡែកប្រជាពលរដ្ឋខ្វះខាតជីវភាព ចំនួន១៣ គ្រួសារទៀត ទទួលបានអំណោយក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត   ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ។

To Top