ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច ដាក់ដំណើរ ការគម្រោងធានា ឥណទាន ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យដំណើរការ គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS) របស់សាជីវកម្មធានា ឥណទានកម្ពុជា ដែលទំហំទឹកប្រាក់ ២០០លានដុល្លារ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម មានគោលដៅ គាំទ្រ អាជីវកម្មទាំងអាជីវកម្មខ្នាតមីក្រូ ខ្នាតតូចនិងមធ្យម និង អាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាព ទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល វិនិយោគ និងការពង្រីកអាជីវកម្ម ។ គំនិតផ្តួចផ្តើមនេះ ស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាព និងការងើបឡើងវិញ នៃសេដ្ឋកិច្ច ក្នុងអំឡុងពេល នៃវិបត្តិជំងឺកូវីដ-១៩។

សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូង បង្អស់នៅកម្ពុជាត្រូវបានសម្រេចបង្កើតឡើង ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និង ហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច ។

បេសកកម្មចម្បង របស់សាជីវកម្មធានា ឥណទានកម្ពុជា គឺផ្តល់ការធានាឥណទាន ដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដើម្បីគាំទ្រដល់អាជីវកម្ម ដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំឥណទាន។

ប្រភពបន្តថា “កញ្ចប់ដំបូង នៃគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) នឹងចូលរួមបង្កើន ទំហំឥណទានថ្មី នៅក្នុងវិស័យធនាគារចំនួន ២០០ លានដុល្លារ សម្រាប់អាជីវកម្មដែលស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្មធានា ឥណទានកម្ពុជា រួមមាន ធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធនាគារអាស៊ាប៉ាស៊ីហ្វិក ឌីវេឡុបមេន ធនាគារប្រៃសណីយ៍កម្ពុជា ធនាគារកាណាឌីយ៉ា, ធនាគារហ្វីលីព និងធនាគារព្រីនស៍” ។

គម្រោងធានាឥណទាននេះ នឹងត្រូវបាន ផ្តល់ជូនដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មួយចំនួនទៀត ដែលកំពុងរៀបចំខ្លួន ដើម្បីក្លាយជាគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្ម ធានា ឥណទានកម្ពុជា។ ការធានាឥណទាន របស់សាជីវកម្មធានា ឥណទានកម្ពុជា នឹងដើរតួជាទ្រព្យបញ្ចាំ ចាប់ពី ៧០%ដល់ ៨០% នៃទំហំឥណទានផ្តល់ដោយគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួម (PFIs) ដូច្នេះនឹងជួយកាត់បន្ថយ តម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មស្នើកម្ចី ៕

To Top