ព័ត៌មានជាតិ

សប្បុរសជន បន្តឧបត្ថម្ភថវិកា ភេសជ្ជៈ អាហារ ជូនដល់សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភ ជាថវិកា ភេសជ្ជ: អាហារជូនដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការ ទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក ។

ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ ជាក់ស្តែង លោកស្រី ប្រុក រតនៈ អគ្គនាយិកា ក្រុមហ៊ុន CAMKO TOP DISTRIBUTOR CO., LTD ឧបត្ថម្ភថវិកា ចំនួន១០.០០០ដុល្លារ លោក តុង យូ និងភរិយា ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារ លោក ឈាង វណ្ណា និងភរិយា ឧបត្ថម្ភថវិកា ចំនួន ៥.០០០ ដុល្លារ លោកឧកញ៉ា ឡេង ប្រុស និងភរិយា ឧបត្ថម្ភ ថវិកា ចំនួន ៣.០០០ ដុល្លារ លោកឧកញ៉ា ឡេង និមល និងភរិយា ឧបត្ថម្ភ ថវិកាចំនួន ២.០០០ ដុល្លារ ក្រុមហ៊ុន ម៉ូតូ Royal Enfield Cambodia ឧបត្ថម្ភ បាយសាច់មាន់ ចំនួន ១០០ ប្រអប់ កាហ្វេអាម៉ាហ្សូនសាខា ជា ស៊ីម សាមគ្គី ឧបត្ថម្ភ ភេសជ្ជៈ ចំនួន ២២០ កែវ ហាង Truedan Cambodia ឧបត្ថម្ភភេសជ្ជៈ ចំនួន ២២០ កែវ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ឧបត្ថម្ភភេសជ្ជៈ Sprite ចំណុះ ១,៥លីត្រ ចំនួន ១.០០០យួ។

បច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញ ភារកិច្ចយ៉ាងសកម្ម ដើម្បីជាតិ និងប្រជាជន ខណៈដែលប្រទេសកម្ពុជា មានការរីករាលដាល ជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើន បានចូលរួឧបត្ថម្ភ ថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាព មនុស្សធម៌ ដើម្បីជាតិនិងប្រជាជន ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមសកម្មភាព មនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេតេជោ(TYDA) តាម រយៈការ ឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគម បំពេញបេសកកម្មមនុស្សធម៌ សម្រាប់ជាតិ និងមាតុភូមិ ។

សូមបញ្ជាក់ថា ក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្ត ប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាង សកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២១៤៧នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន ១១៣២នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០០៥នាក់, ស្លាប់ចំនួន៨នាក់ និង២នាក់ទៀត ស្លាប់ ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×