ព័ត៌មានជាតិ

សម្ដេច ហេង សំរិន ៖ ការចាក់វ៉ាក់សាំង និងអនុវត្តវិធានការ សុខាភិបាល បានខ្ជាប់ខ្ជួន គឺជាមធ្យោបាយ ដ៏សំខាន់ អាចនាំឲ្យសង្គមជាតិ វិលទៅរកសភាព ជាធម្មតាវិញ

ភ្នំពេញ ៖ ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន បានថ្លែងថា ការវ៉ាក់សាំង នឹងអនុវត្តវិធានការ សុខាភិបាល បានខ្ជាប់ខ្ជួន គឺជាមធ្យោបាយដ៏សំខាន់ អាចនាំឲ្យសង្គមជាតិវិល ទៅរកសភាព ជាធម្មតាដូចមុនវិញ ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ សម្ដេច ហេង សំរិនបានអំពាវនាវដល់ ជនរួមជាតិ ត្រូវចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយការទទួលខុសត្រូវ ខ្ពស់បំផុត។

សម្ដេច មានប្រសាសន៍ថា «វ៉ាក់សាំង រួមនឹងការអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឲ្យសង្គមជាតិ យើងវិលទៅរកសភាពជាធម្មតា ដូចមុនវិញបាន ។ ដូច្នេះសូមជនរួមជាតិ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់វិធានការ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសុខុមាលភាពសង្គមជាតិ របស់យើង»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចថា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាល បានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅ របស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។សម្ដេចថា នៅក្នុងការទប់ស្កាត់ កុំឲ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាព សង្គមជាតិ ទៅមុខទៀត រាជរដ្ឋាភិបាល បានកំពុងកៀរគរគ្រប់មធ្យោបាយ ដើម្បីទទួលបានវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយ ពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

ជាងនេះទៅទៀត ប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ ចំពោះឆន្ទៈដ៍មុះមុតរបស់ រាជរដ្ឋាភិបាល នៅក្នុងគម្រោងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឲ្យបានរហូត ដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស ។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋ ឲ្យបានយ៉ាងតិច១លានដូសនៅ ក្នុង១ខែ ពិតជាមានសារៈសំខាន់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញ បានឆាប់រហ័ស។

ឆ្លៀតឱកាសនេះ សម្ដេច ហេង សំរិន បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិត ដោយសារ ជំងឺរាតត្បាត ដ៏កាចសាហាវនេះបន្តទៀត ជាពិសេស ដើម្បីជំរុញ ឲ្យសង្គមជាតិ ឆាប់មានឱកាសវិលទៅរកជីវភាព ដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង ៕

To Top
×