ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ជួយទ្រទ្រង់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន២០ម៉ឺនដុល្លារជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» ។

ព្រះអង្គបានមានព្រះរាជបន្ទូលថា ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរ នៅទូទាំងប្រទេស។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា «ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅ ជាទីបំផុតចំពោះសម្តេចតេជោ ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ» ៕

To Top