ព័ត៌មានជាតិ

ទូតសិង្ហបុរីសន្យា កៀរគរអ្នកវិនិយោគ ​មកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ ៖ លោកស្រី ទេវ ឡាយឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរី បានសន្យា នៅចំពោះមុខ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាថា ខ្លួននឹងខិតខំកៀរគរ អ្នកវិនិយោគសិង្ហបុរី ឲ្យមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត ។ យោងតាមគហេទំព័រហ្វេសប៊ុក របស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ។

ក្នុងជំនួបពិភាក្សា ការជារមួយ សម្ដេច ហេង សំរិន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកស្រី ទេវ ឡាយឆេង បានថ្លែងថា «សន្យាថា នឹងខិតខំបំពេញ បេសកកម្មការទូត ឲ្យទទួលបានជោគជ័យ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់វិស័យជាមួយកម្ពុជា ទាំងនៅស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ពិសេស ការកៀរគរអ្នកវិនិយោគសិង្ហបុរី ឲ្យមកបណ្តាក់ទុន នៅកម្ពុជា បន្ថែមទៀត»។

នាឱកាសនោះ សម្តេច ហេង សំរិន គូសបញ្ជាក់ថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថត នៅក្នុងចំណោមប្រទេសដំបូង គេដែលទទួលស្គាល់ឯករាជ្យ របស់សិង្ហបុរី។

សម្តេចប្រធានរដ្ឋសភា បានសម្តែង ការពេញចិត្តពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាង-សិង្ហបុរី លើវិស័យៈ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សុខាភិបាល និងវិស័យការពារជាតិ៕

To Top