Covid-19

អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងភរិយាឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១នេះ មានសប្បុរសជនជាច្រើន បានបន្តចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈ ភេសជ្ជ: អាហារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។

ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ ជាក់ស្តែងអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងភរិយាឧកញ៉ា គៀន ស្រីនាង ឧបត្ថម្ភ ថវិកា ចំនួន ២០.០០០ដុល្លារ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។

បច្ចុប្បន្នថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគម TYDA ដើម្បីរួមចំណែកជាមួយសកម្មភាព មនុស្សធម៌ដើម្បីជាតិនិងប្រជាជន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញ បេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ ។

សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។

ក្រសួងសុខាភិបាលបានឲ្យថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៤៤០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៩១នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១២៣៤នាក់, ស្លាប់ចំនួន១១នាក់ និង៤នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

To Top