ព័ត៌មានជាតិ

រដ្ឋបាល ខេត្តកំពង់ចាម ចាប់ផ្ដើមបើកយុទ្ធនាការ លើកទី២ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ចាម បានប្រកាសបើកយុទ្ធនាការលើកទី២ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ។

ក្នុងឱកាសប្រកាស បើកយុទ្ធនាការនេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ ថា ”ដោយសារយើង មើលឃើញថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គ្មានដែនកំណត់ ដែលបង្កើត ឱ្យមានការផ្ទុះឡើងក្នុងទ្រង់ទ្រាយធំដូច ជាព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើង បាត់បង់ម្ចាស់ការនៅតាមតំបន់នីមួយៗ ដូច្នេះហើយ ទើបរដ្ឋាភិបាលបានសម្រេចចិត្ត មានតែធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នេះឲ្យបានគ្រប់គ្នា ទើបយើងអាចកាត់បន្ថយ ការឆ្លងរាលដាលជំងឺនេះបាន ”។

លោកអភិបាលខេត្តបានថ្លែងបន្តថា ខេត្តកំពង់ចាមកន្លងមកបានរងឥទ្ធិពល នៃការឆ្លងជំងឺកូវីដ-១៩ មកពីតាមបណ្តាខេត្តផ្សេងៗ ពោលគឺមិនមានជំងឺនេះ ផ្ទុះឡើងឯងៗ នៅក្នុងសហគមន៍នោះទេ ដូច្នេះប្រការ ដែលយើងបានចាក់វ៉ាក់សាំង គឺយើងទទួលបានការគាំពារ និងការ ការពារបានរហូតដល់ ទៅក្នុងរង្វង់ ៩០% រួចផុតពីការឆ្លងជំងឺដ៏សាហាវនេះ ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា ក្នុងផែនការយុទ្ធនាការចាក់វ៉ាក់សាំង លើកទី២នេះ គឺជាទ្រង់ទ្រាយធំ ដែលរដ្ឋបាលខេត្ត បានរៀបចំទីតាំងទទួល ចាក់វ៉ាក់សាំង សរុបមាន ២៩ទីតាំង នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាមតែម្តង។ ក្នុងនោះដែរ មានគ្រូពេទ្យសរុប៤១ក្រុម ក្នុងក្រុមនីមួយៗ មានគ្រូពេទ្យ១០នាក់ អាចមានលទ្ធភាព ទទួលការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ចំនួន ៦០០នាក់ក្នុង១ថ្ងៃ ៕

To Top